កំពង់ស្ពឺៈ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីយុវជនម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូដួលដោយខ្លួនឯង តែខាងសាច់ញាតិជនរងគ្រោះសង្ស័យថា ជាករណីក្មេងស្ទាវដេញវាយ ទើបជិះម៉ូតូរត់មកជួបគ្រោះថ្នាក់បែបនេះ។ ដោយឡែកខាងសមត្ថកិច្ចអះអាងជាករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៤៤ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ទី១ឈ្មោះ ឃឿន សុខគា ភេទប្រុស អាយុ១៥ឆ្នាំ របួសចំទ្រូងបាក់ឆ្អឹងជំនីធ្ងន់ធ្ងរ ទី២-មានឈ្មោះ សាម សីហា ហៅសង្ហា ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល (ត្រូវជើងតិចតួច) និងទី៣-មានឈ្មោះ អឿន វិនហាវ ហៅទ្រូ ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករនៅក្នុងរោងចក្រ ផលិតទឹកបរិសុទ្ធ បានស្លាប់ក្រោយបញ្ជូនទៅពេទ្យ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលក្រុមជនរងគ្រោះទាំង៣នាក់ជិះម៉ូតូត្រឡប់មកពីបុណ្យដាបានលាននៅផ្ទះរបស់បងស្រី លុះត្រឡប់មកវិញក៏មានគេជិះម៉ូតូប៉ះនឹងកញ្ចក់ម៉ូតូរបស់ខ្លួន រួចក៏បន្តបើកទៅមុខស្រាប់តែមានគេតាមមកពីក្រោយ ទើបជិះលឿនទៅបុកនឹងសំរាមផ្លោងទៅបុកដើមពុទ្រាធ្លាក់ចូលប្រឡាយតែម្តង ។ តែសមត្ថកិច្ចសាកសួរអ្នកភូមិនៅទីនោះគេបានបញ្ជាក់ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះដួលដោយខ្លួនឯង ដោយឡែកខាងសាច់ញាតិអ្នកស្លាប់មិនយល់ស្របតាមនោះទេ ដោយអះអាងថានឹងដាក់ពាក្យបណ្តឹងដើម្បីសុំសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវបន្ថែម៕
មតិយោបល់