ព័ត៌មានអន្តរជាតិ

កងកម្លាំងរ៉ុក្កែតចិន បាញ់មីស៊ីលផ្លោង ចេញពីមហាកំផែងក្រោមដី

ចិនៈ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា កងកម្លាំងយុទ្ធសាស្រ្ត និងមីស៊ីលប្រទេសចិន បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចេញពីមូលដ្ឋានក្រោមដី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

កាសែត Global Times បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន បានបង្ហាញពីការវាយប្រហារ ICBM ប្រឆាំងនឹងសត្រូវរបស់ពួកគេ ខណៈរបាយការណ៍ព័ត៌មានលម្អិត ជាក់ស្ដែងដូចជាទីតាំងនៃការធ្វើសមយុទ្ធ ឬពេលវេលាដែលវា ត្រូវបានគេអនុវត្ត មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។

របាយការណ៍នេះ ក៏បានកត់សម្គាល់ទៀតថា ការហ្វឹកហ្វឺនសមយុទ្ធដ៏យូរអង្វែងរបស់ពួកគេ គឺស្ថិតក្នុងបរិយាកាស មិនបើកចំហរ ហើយបានក្លាយជារឿងធម្មតាថ្មីមួយ សម្រាប់កងកម្លាំងរ៉ុកកែតចិន។

កាលពីឆ្នាំ ២០១១ និស្សិតនៅសាកលវិទ្យាល័យ Georgetown បានអះអាងថា មានការរៀបចំបណ្តាញផ្លូវរូងក្រោមដីប្រវែង ៣,០០០ ម៉ាយនៅភាគខាងជើងប្រទេសចិន ជាកន្លែងដែលកាំជ្រួចមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានរក្សាទុកនៅទីនោះ ទោះបីជាព័ត៌មាន CCTV របស់រដ្ឋចិន បានបង្វែងដានព័ត៌មាន អំពីបណ្តាញផ្លូវរូងក្រោមដីរឹងមាំនេះក៏ដោយ៕

មតិយោបល់