ព័ត៌មានអន្តរជាតិ

មេដឹកនាំវ៉េណេស៊ុយអេទ្បា ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា ជាមួយបក្សប្រឆាំង

វ៉េណេស៊ុយអេទ្បាៈ ប្រធានាធិបតីវ៉េណេស៊ុយអេទ្បា លោក Nicolas Maduro បានសម្តែងការត្រៀមខ្លួន ដើម្បីរៀបចំកិច្ចចរចាជាមួយមេបក្សប្រឆាំង ដែលគាំទ្រដោយអាមេរិក នៅចំពេលលោកបានធ្វើការចោទប្រកាន់អាមេរិក ជុំវិញការប៉ុនប៉ងធ្វើឃាតកម្មលើរូបលោក។ នេះបើយោងតាមសារព័ត៌មាន Aljazeer ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

ទោះបីកន្លងមកលោក Maduro ធ្លាប់បានច្រានចោលអំពីការអំពាវនាវឱ្យមានកិច្ចចរចារក៏ដោយ តែនៅពេលនេះ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី កាលពីថ្ងៃពុធថា លោកបានផ្លាស់ប្តូរគោលជំហររបស់លោក ដើម្បីជាប្រយោជន៍នៃសន្តិភាព និងអនាគតរបស់វ៉េណេស៊ុយអេឡា។

ក្នុងនោះលោក Maduro បាននិយាយថា ការចរចានេះ អាចត្រូវបានធ្វើឡើងដោយមានការស្រមុះស្រមួលពីបណ្តាប្រទេសដទៃទៀត ដោយលោកបានលើកឡើង ម៉ិកស៊ិក អ៊ុយរូហ្គាយ បូលីវី វ៉ាទីកង់ និងរុស្ស៊ី ជាភាគីទីបីដែលមានសក្តានុពល នៅក្នុងកិច្ចចរចានេះ៕

មតិយោបល់