កូរ៉េខាងជើង រក្សាទុកអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង នៅព្រលានយន្តហោះ

UN: កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅតែមានដដែល ហើយក្រុងព្យុងយ៉ាង កំពុងប្រើព្រលានយន្តហោះ និងកន្លែងផ្សេងៗទៀតទុកអាវុធខ្លួន ដើម្បីការពារពីការវាយប្រហារតាមអាកាស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមប្រឹក្សា UN បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង គឺគ្មានប្រសិទ្ធភាព ដោយក្រុងព្យុងយ៉ាង ទទួលបានការដឹកជញ្ជូនផលិតផលប្រេងខុសច្បាប់ និងការលក់ធ្យូងថ្មហាមឃាត់ រួមទាំងរំលោភបំពានលើទណ្ឌកម្មអាវុធ។

របាយការណ៍ផ្លូវការទាក់ទិននឹងកូរ៉េខាងជើង បានឲ្យដឹងទៀតថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅតែមានដដែល។

ដោយ UN បានរកឃើញថា កូរ៉េខាងជើងកំពុងប្រើប្រាស់សម្ភារស៊ីវិល រួមទាំងព្រលានយន្តហោះ សម្រាប់ការប្រមូលផ្តុំមីស៊ីលផ្លោង និងការធ្វើតេស្តវា ជាមួយគោលដៅ ដើម្បីទប់ស្កាត់ការវាយប្រហារតាមអាកាសដ៏មានប្រសិទ្ធិភាព៕

មតិយោបល់