ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតួកគី ព្រមព្រៀងគ្នាចាត់វិធានការម៉ឹងម៉ាត់ នៅខេត្ត Idlib របស់ស៊ីរី

តួកគីៈ រុស្ស៊ី និងតួកគី បានព្រមព្រៀងគ្នាធ្វើឲ្យខេត្ត Idlib របស់ស៊ីរីមានស្ថិរភាព ដោយប្រើវិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមអ្នកប្រយុទ្ធណា ដែលរឹងរូសបន្តកាន់កាប់ខេត្ត ស្ថិតនៅភាគពាយ័ព្យ តាមបណ្តោយព្រំដែនតួកគី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃច័ន្ទនេះ មិនបានបញ្ជាក់ពីអ្វី ដែលចលនាយោធានឹងត្រូវបានធ្វើឡើង ឬនៅពេលណា បន្ទាប់ពីកិច្ចចរចារវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមភាគីលោក Hulusi Akar របស់លោក នៅក្នុងទីក្រុងអង់ការ៉ា។

តួកគីដែលគាំទ្រក្រុមឧទ្ទាមស៊ីរី និងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តបរទេស សំខាន់របស់រដ្ឋាភិបាលស៊ីរី បានឯកភាពកាលពីខែកញ្ញា ដើម្បីបង្កើតតំបន់គ្មានយោធា នៅ Idlib ហើយនឹងត្រូវជម្លៀសអាវុធធុនធ្ងន់ និងយោធាចេញពីទីនោះ។

ដោយក្រុងអង់ការ៉ា បានសន្យាថា នឹងដកហូតអាវុធ រួមទាំងក្រុមប្រដាប់អាវុធ Hay’et Tahrir al-Sham ដែលកំពុងគ្រប់គ្រង និងបន្តពង្រីកវិសាលភាពរបស់ខ្លួន នៅក្នុងតំបន់៕

មតិយោបល់