ព័ត៌មានអន្តរជាតិ

ដាណឺម៉ាកនឹងបញ្ជូនទាហានរហូតដល់ ២០០នាក់ ដើម្បីដាក់ពង្រាយនៅប្រទេសអេស្តូនី

ដាណឺម៉ាកៈ បើតាមនាយករដ្ឋមន្រ្តី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ដាណឺម៉ាកបានរៀបចំបញ្ជូនទាហាន រហូតដល់ ២០០នាក់ ទៅកាន់ប្រទេសអេស្តូនី ដែលជាផ្នែកមួយនៃផែនការរបស់អង្គការណាតូ ដើម្បីដាក់ពង្រាយកងវរសេនាតូចចម្រុះជាតិសាសន៍បួន ទៅបណ្តារដ្ឋបាល់ទិក និងប៉ូឡូញ។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

«ដាណឺម៉ាកបានរួមចំណែកផ្ដល់ទាហានរហូតដល់ ២០០នាក់ ដើម្បីវត្តមានក្នុងការលើកកម្ពស់ នៅអេស្តូនី ក្នុងក្របខ័ណ្ឌជាមួយអង់គ្លេស » នេះបើតាមនាយករដ្ឋមន្រ្តីដាណឺម៉ាក លោក Lars Loekke Rasmussen បានសរសេរនៅលើគណនី Twitter របស់គាត់មុនពេលជំនួបកំពូលរបស់អង្គការណាតូក្នុងទីក្រុង Warsaw កាលពីថ្ងៃសុក្រ។

កងវរសេនាតូចពហុជាតិបួនកម្លាំងប្រហែល ៣.០០០ ទៅ ៤.០០០ នាក់ នឹងត្រូវដាក់ពង្រាយ ក្នុងប្រទេសអេស្តូនី ឡេតូនី លីទុយអានី និងប៉ូឡូញ ដែលដឹកនាំដោយចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

កងវរសេនាតូចនេះ នឹងត្រូវស្ថិតក្រោមការបញ្ជារបស់អង្គការណាតូ ហើយនឹងត្រូវដាក់ពង្រាយក្នុងកន្លែង នៅដើមឆ្នាំ ២០១៧៕

មតិយោបល់