តាកែវៈ នៅវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៤-៧៥ ស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2R-3748 (រងការខូចខាតផ្នែកខាងមុខ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-8907 បើកបរដោយឈ្មោះ សុំ សុផាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអង្គត្នោតកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់មើលក្រោយ រងការខូចខាតមួយកំណាត់មុខទាំងស្រុង ។
មូលហេតុ៖ អ្នកបើកបររថយន្ត ប្រើប្រាស់ល្បឿនលឿន និងមិនប្រកាន់ស្ដាំ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់