ព័ត៌មានអន្តរជាតិ

អាមេរិក រំពឹងទុកថា នាវាផ្ទុកយន្តហោះចម្បាំងទី២ នឹងទៅកាន់វៀតណាម នៅឆ្នាំនេះ

អាមេរិក: មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលពួកគេ សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ដំណើរទស្សនកិច្ច នាវាដឹកយន្តហោះចម្បាំងមួយទៀត ទៅកាន់ប្រទេសវៀតណាមនៅឆ្នាំនេះ ហើយកំពង់ផែទីនោះ នឹងក្លាយជាចំណុចសំខាន់ នៃទំនាក់ទំនងជិតស្និត ជាមួយប្រទេសដែលធ្លាប់ជាអតីតសត្រូវសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

នាវាផ្ទុកយន្តហោះ USS Carl Vinson របស់អាមេរិក បានឈប់ចតនៅវៀតណាម កាលពីខែមិនាឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមវៀតណាម ក្នុងឆ្នាំ ១៩៧៥ ខណ:កំពុងតែបង្ហាញពីទំនាក់ទំនង ជាយុទ្ធសាស្រ្តមានការរីកចម្រើន រវាងអតីតសត្រូវ ចំពេលដែលឥទ្ធិពលរបស់ចិន កំពុងកើនឡើង។

លោក Randall Schriver ដែលជាជំនួយការរដ្ឋមន្ត្រីការពារជាតិ ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានប្រាប់ក្រុមអ្នកជំនាញ នៅទីក្រុងវ៉ាស៊ីនតោនថា «យើង (អាមេរិក) បានធ្វើទស្សនកិច្ចនាវាដឹកយន្តហោះ លើកដំបូងរបស់ខ្លួន ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមវៀតណាម ហើយយើងសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀង ជាមួយសហការីរបស់ខ្លួននៅវៀតណាម សម្រាប់ទស្សនកិច្ចនាវាទី ២ នៅឆ្នាំនេះ៕

មតិយោបល់