ព័ត៌មានអន្តរជាតិ

ជនជាតិវៀតណាម ២៩នាក់ ត្រូវចាប់ខ្លួនពីបទនេសាទខុសច្បាប់នៅក្នុងដែនទឹកថៃ

ថៃៈ ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បានរាយការណ៍ថា កងទ័ពជើងទឹកថៃ បានឃាត់ខ្លួនសមាជិកនាវិក ២៩នាក់ នៅលើនាវានេសាទ ៣ របស់វៀតណាមពីបទចូលនេសាទខុសច្បាប់ ក្នុងឈូងសមុទ្រថៃ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។

ការចាប់ខ្លួននេះ បានកើតទ្បើងប្រហែល ១២ ម៉ាយពីភាគឦសាននៅវេទិកាឧស្ម័នធម្មជាតិ Muda A ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ អំទ្បុងពេលកងទ័ពជើងទឹកតំបន់ទី២ នៅល្បាតនៅទីនោះ នេះបើយោងតាម កាសែតបាងកកប៉ុស្តិ៍រាយការណ៍។

បុគ្គលិកកងនាវាចរ បានសួរប្រធានក្រុមនាវានេសាទនោះ បានឲ្យដឹងថា ទូកទាំងនេះ បានចេញដំណើរពីខេត្ត Ca Mau នៃប្រទេសវៀតណាម និងចូលដែនទឹកថៃដើម្បីចាប់ត្រី។

សមាជិកនាវិកទាំងនេះ ត្រូវបានគេចោទប្រកាន់ពីបទរំលោភលើច្បាប់ គ្រប់គ្រងសិទ្ធិនៃការនេសាទ នៅក្នុងដែនទឹកថៃ និងលើវិស័យជលផល នេះបើយោងតាមកងទ័ពជើងទឹក។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ នឹងត្រូវជូនដំណឹងអំពីហេតុការណ៍នេះ ខណៈអ្នកនេសាទ នឹងត្រូវបញ្ជូនទៅឲ្យប៉ូលិសខេត្ត Muang Songkhla ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ និងការនិរទេសខ្លួន។

គួរបញ្ជាក់ដែរថា នេះជាលើកទី ២៦ ដែលកងទ័ពជើងទឹក នៅតំបន់ទី ២ បានឃុំខ្លួននាវិកនៃនាវានេសាទ របស់វៀតណាម ចូលនេសាទខុសច្បាប់ នៅទឹកដីដែនសមុទ្រថៃ ក្នុងសារពើពន្ធឆ្នាំ ២០១៦ ។

កងទ័ពជើងទឹក បាននិយាយថា ទូកនេសាទសរុបចំនួន ៥៩ ត្រូវបានរឹបអូស និងនាវិកចំនួន ៤០១ នាក់ចាប់ខ្លួន៕

មតិយោបល់