ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា ឆ្លងខួបកំណើតជាមួយព្រះសង្ឃ

នៅថ្ងៃទី១១ កក្កដានេះ តារាសម្ដែងល្បីឈ្មោះកញ្ញា ពៅ លីដា ត្រូវគេឃើញទៅវត្តសំរោងអណ្ដែត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ តាំងពីព្រឹកតែម្ដង ដើម្បីឆ្លងថ្ងៃកំណើតរបស់ខ្លួនគម្រប់២៦ឆ្នាំ។ កាលពីយប់ថ្ងៃទី១០ កក្កដាកន្លងទៅតារាសិល្បៈមួយក្រុមក៏បានធ្វើខួបកំណើតឲ្យនាងភ្ញាក់ផ្អើលនៅក្នុងពិធីមង្គលការមួយផងដែរ។

ពៅ លីដា បានអះអាងថា ខ្លួនពិតជាបានទៅយកពរពីព្រះសង្ឃ ដើម្បីឆ្លងថ្ងៃកំណើតរបស់ខ្លួនប្រាកដមែន បន្ទាប់ពីនាងមិនច្បាស់រឿងមានពេលធ្វើខួបរបស់ខ្លួននៅក្នុងឆ្នាំនេះ ដោយសារតែរឿងរវល់ពេក។ នាងថា ជារៀងរាល់ឆ្នាំនាងតែងបានធ្វើពិធីខួបកំណើតធំដុំ ដើម្បីជួបជុំតារាសិល្បៈ ប៉ុន្តែមកពីការងារសម្ដែង និងចេញច្រៀងតាមកម្មវិធីផ្សេងៗ មិនអាចឲ្យនាងនឹងដកខ្លួនបាន ទើបតម្រូវឲ្យនាងសម្រេចចិត្តមកឆ្លងថ្ងៃកំណើតជាមួយនឹងព្រះសង្ឃជំនួសវិញ។

យ៉ាងណាមិញ នាងនឹងរកពេលជួបជុំអ្នកសិល្បៈនៅថ្ងៃណាមួយ ដើម្បីបានសប្បាយចិត្តក្នុងវ័យ២៦ឆ្នាំនេះផង ឬអាចមិនធ្វើតែម្ដងបន្ទាប់ពីប្រគេនទេយ្យទាន ដែលមានន័យថា រូបនាងបានឆ្លងថ្ងៃកំណើតរបស់ខ្លួនហើយនេះ។

កាលពីព្រឹកមិញនោះ នាង និងម្ដាយក៏បានរៀបចំចង្ហាន់មួយចំនួនសម្រាប់ប្រគេនដល់ព្រះសង្ឃ និងមួយចំនួនទៀតសម្រាប់ចែកជូនដល់ចាស់ៗក្នុងវត្តសំរោងអណ្ដែត ដែលធ្វើឲ្យមានការកោតសរសើរដល់តារាស្រី និងក្រុមគ្រួសារផងដែរ សម្រាប់ពិធីឆ្លងថ្ងៃកំណើត ដែលនាងមិនបានអញ្ជើញភ្ញៀវធំដុំ ដូចដែលបានធ្វើរាល់ឆ្នាំ៕

មតិយោបល់