ជប៉ុន: លោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយអធិរាជថ្មីជប៉ុនព្រះចៅ ណារ៉ុហ៊ីតូ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ សង្ឃឹមថា វានឹងជួយធ្វើឱ្យប្រធានាធិបតីអាមេរិចរំភើប នៅមុនពេលបើកកិច្ចពិភាក្សាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ច នៅព្រះបរមរាជវាំង ធ្វើទ្បើងនៅពេលព្រឹក និងពិធីជប់លៀងរបស់ព្រះមហាក្សត្រ គឺនៅពេលល្ងាច វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណើរទស្សនកិច្ចដ៏ល្អមួយ ដែលបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍ ក្នុងនោះគេឃើញលោក អាបេ និងលោក ត្រាំ បានលេងកីឡាវាយកូនហ្គោល ពិសាអាហារ និងមើលកីទ្បា sumo ជាក់ស្ដែងបានបង្ហាញពីការរីករាយ ជាមួយប្រជាជនជប៉ុនទាំងមូល នាចុងសប្តាហ៍។
ដោយកាលពីថ្ងៃអាទិត្យលោក ត្រាំ បាននិយាយថា ជាពេលវេលាដ៏អស្ចារ្យ ខណៈលោកបានទន្ទឹងរង់ចាំជួប ជាមួយព្រះចៅ ណារ៉ុហ៊ីតូ ដែលព្រះអង្គបានទ្បើងគ្រោងរាជ្យបល្ល័ង្ក Chrysanthemum បីសប្តាហ៍មកហើយ បន្ទាប់ពីបិតារបស់ទ្រង់បានដាក់រាជ្យ។
ក្នុងនោះលោក ត្រាំ បាននិយាយថា ថ្ងៃស្អែកគឺជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុត នៅក្នុងប្រវត្ដិសាស្ដ្ររបស់ជប៉ុន ហើយវាជាកិត្តិយសដ៏ធំធេង ដែលលោកតំណាងឲ្យអាមេរិក សម្រាប់ព្រឹត្តិការណ៍មិនធ្លាប់មានរយៈពេលជាង ២០០ ឆ្នាំមកហើយ៕
មតិយោបល់