ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រឆាំងតបតទៅនឹងការចង់បានរបស់អាមេរិក ជុំវិញកម្មវិធីមីស៊ីលផ្លោង

អ៊ីរ៉ង់ៈ ក្រុងតេអេរ៉ង់ បានវាយបកវិញ នូវការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យមានការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី សម្រាប់គ្របដណ្ដប់ លើកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ដោយចោទប្រកាន់ថា ក្រុងវ៉ាស៊ីនតោន កំពុងធ្វើឲ្យមជ្ឈឹមបូព៌ា ក្លាយជាទីតាំងផ្ទុះអាវុធ ជាមួយការលក់អាវុធទៅឲ្យសម្ព័ន្ធមិត្ត នៅក្នុងឈូងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នោះ កាលពីថ្ងៃច័ន្ទ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយនៅលើសារព័ត៌មាន NBC។

ក្នុងនោះលោកបាននិយាយថា អ៊ីរ៉ង់អាចនឹងអង្គុយចរចា ជាមួយអាមេរិក បើសិនជាក្រុងវ៉ាស៊ីនតោន លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់មកលើក្រុងតេអេរ៉ង់ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលពួកគេបានប្រកាសដកខ្លួនចេញកាលពីឆ្នាំមុន។

ដោយលោក ត្រាំ បានទាញអាមេរិកចេញពីកិច្ចព្រមព្រៀងពហុភាគីដ៏សំខាន់ ហើយថាលោកចង់បានការចរចា នូវកិច្ចព្រមព្រៀងថ្មីមួយ ស្ដីពីកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការគាំទ្រដល់ក្រុមប្រដាប់អាវុធ ក្នុងតំបន់ផងដែរ៕

មតិយោបល់