ភ្នំពេញៈ កាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១៦ ខែកកក្កដា ឆ្នាំ២០១៩ ក្រោយពីបានទទួលព័ត៌មានថា មានករណីជនជាតិខ្មែរ សញ្ជាតិបារាំង ដេកស្លាប់នៅចំណុចបន្ទប់លេខ១១៥ ជាន់ឡៅតឿ ផ្ទះសំណាក់ហ្វឺប៉ារីស ផ្ទះលេខ៤១អឺ០ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ។
សពឈ្មោះ លីម សេលី (LIM SE LY) ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 14DR97589 ស្នាក់នៅទីតាំងខាងលើ។
តាមការបំភ្លឺឈ្មោះ ខាត់ ខ្លឹម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្ទះសំណាក់ និងឈ្មោះ លីម អាដឺលីន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ ត្រូវជាបងបង្កើតសព បានឲ្យដឹងថា៖ មុនពេលកើតហេតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី គាត់បានទទួលទូរស័ព្ទប្អូនថ្លៃ (ប្រពន្ធសព)ពីប្រទេសបារាំង ប្រាប់ថាឈ្មោះ លីម សេលី (LIM SE LY) មិនសូវស្រួលខ្លួន (ឈឺ)នៅទីតាំងកើតហេតុ ។
ក្រោយពីទទួលបានដំណឹងខាងលើរួច គាត់បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ បានបើកទ្វារចូលឃើញប្អូនប្រុសឈ្មោះ លីម សេលី (LIM SE LY) កំពុងមានអាការៈស្លេកស្លាំងពិបាកដកដង្ហើម ក៏ហៅបុគ្គលិកផ្ទះសំណាក់ មកជួយសង្គ្រោះជាបឋម និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ពេលទៅដល់ក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។
មូលហេតុ ៖ គាំងបេះដូង (បណ្តាលមកពីជំងឺលើសឈាម)។
បច្ចុប្បន្នសពបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់