ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២គ្រាប់ទៀតហើយ

កូរ៉េៈ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរបបមួយនេះ ទើបតែបានបាញ់មីស៊ីល ២ គ្រាប់ ក្នុងគោលបំណង ដើម្បីដាក់សម្ពាធលើប្រទេសកូរ៉េខាងត្បូង និងអាមេរិក ឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធានាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះចុងក្រោយនេះ គឺចេញពីឧបទ្វីប Hodo នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ដែលជាតំបន់ដដែល ដែលក្រុងព្រុងយ៉ាង បានបាញ់កាលពីសប្តាហ៍មុន។

ប្រភពដដែល បានបន្ថែមថា មីស៊ីលផ្លោង ដែលកូរ៉េខាងជើងបានបាញ់ចុងក្រោយនេះ គឺហោះបានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប បានឲ្យដឹងថា ពួកវាមើលទៅដូចជាប្រភេទផ្សេងគ្នា បើធៀបទៅនឹងការបាញ់បង្ហោះលើកមុនៗ ៕

មតិយោបល់