តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មន្រ្តី ២នាក់ស្លាប់ និង ៥នាក់ទៀត បានរងរបួស នៅថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមប្រដាប់អាវុធមួយ បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសចរាចរណ៍ ភាគឦសានខេត្ត Trabzon ប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមកាសែត Hurriyet បានឲ្យដឹងថា ប៉ុស្តិ៍ប៉ូលិសចរាចរណ៍ ត្រូវបានវាយប្រហារនៅស្រុក Macka ក្នុងខេត្ត Trabzon ប្រហែលម៉ោង ៨ និង៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ។
កាសែតនេះ បានបន្ថែមថា យ៉ាងហោចណាស់មន្ត្រីប៉ូលិសបួននាក់ ព្រមទាំងជនស៊ីវិលម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍នេះ។
ប្រតិបត្ដិការតាមចាប់ខ្លួន ត្រូវបានចាប់ផ្ដើម បន្ទាប់ពីក្រុមវាយប្រហារ បានបាត់ខ្លួនក្នុងព្រៃនៅក្បែរតំបន់នោះ នេះបើតាមភ្នាក់ងារ Anadolu បានរាយការណ៍៕
មតិយោបល់