ព័ត៌មានជាតិ

ឆ្នាំនេះ សហភាពអឺរ៉ុប ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាង៥០នាក់

ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៦នេះ និស្សិតកម្ពុជា និងបុគ្គលិកសិក្សាជាង៥០នាក់ បានទទួលអាហារូបករណ៍១០០% ពីសហភាពអឺរ៉ុប ក្រោមកម្មវិធីអាហារូបករណ៍ Erasmus+ ដើម្បីទៅសិក្សានៅទ្វីបអឺរ៉ុប ក្នុងរយៈពេលចន្លោះពី៦ខែ ទៅ២៤ខែ និងធ្វើការជាគ្រូឧទ្ទេសទស្សនកិច្ចសិក្សានៅអឺរ៉ុប ក្នុងរយៈពេលពី៥ ទៅ៦០ថ្ងៃ ផងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ចច អេដហ្គា ​​បាន​ឲ្យដឹងថា ជាមួយនឹងអាហារូបករណ៍ទាំងនេះ និស្សិតនឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ក្រោម​បណ្ឌិតនៅសាកលវិទ្យាល័យចំនួន២៤ ក្នុងប្រទេសចំនួន១៤ ដែលស្ថិតក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប រួមមានប្រទេសអូទ្រីស ប៊ែលហ្ស៊ិក សាធារណរដ្ឋឆែក អាល្លឺម៉ង់ បារាំង ហ្វាំងឡង់ អៀរឡង់ អ៊ីតាលី ហុងគ្រី ហុល្លង់ ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអ៊ែត។

ការសិក្សានេះ នឹងគ្របដណ្ដប់លើមុខវិជ្ជាផ្សេងៗគ្នាមួយចំនួន ដែលមាន កសិកម្ម វិទ្យាសាស្ត្រសត្វ និងចំណីអាហារ ធុរកិច្ច គីមី ទំនាក់ទំនង អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម ជលផល ព្រៃឈើ ព័ត៌មានវិទ្យា គ្រប់គ្រង រដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍ជនបទ។

បើតាមប្រកាសព័ត៌មាន នៅចន្លោះពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៥ កម្មវិធីអាហារូបករណ៍ Erasmus+ និង Erasmus Mundus ដែលឧបត្ថម្ភមូលនិធិដោយសហភាពអឺរ៉ុប បានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ប្រមាណជាង៥០០នាក់ រួចមកហើយ ដើម្បីទៅសិក្សា និងបង្រៀននៅបណ្ដាប្រទេសនានាក្នុងទ្វីបអឺរ៉ុប។

ក្រៅពីអាហារូបករណ៍ទាំងនេះ កម្មវិធី Erasmus+ ក៏បានផ្ដល់ហិរញ្ញប្បទានដល់ការកសាងសមត្ថភាពអប់រំថ្នាក់ឧត្តមសិក្សា (CBHE) ដែលមានគោលបំណងគាំទ្រដល់ការធ្វើទំនើបកម្មលទ្ធភាពទទួលបាន និងការធ្វើអន្តរជាតូបនីយកម្ម ការអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងបណ្ដាប្រទេសជាដៃគូផងដែរ។ អាហារូបករណ៍សហភាពអឺរ៉ុបទាំងនេះ គឺជាជំនួយបំពេញបន្ថែមទៅលើការគាំទ្រដ៏ចម្បងរបស់ខ្លួនដល់វិស័យអប់រំនៅកម្ពុជា ដែលសហភាពអឺរ៉ុប និងក្រសួងអប់រំ យុវជន និងកីឡា គឺជាដៃគូសហការដ៏យូរអង្វែងមកហើយ។

ទន្ទឹមនឹងនេះ គម្រោងចំនួន៦ បានចុះកិច្ចសន្យានៅក្នុងឆ្នាំ២០១៥ ជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចំនួន៨ផ្សេងគ្នា ដែលរួមមានសាកលវិទ្យាល័យ ជាស៊ីម កំចាយមារ នាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលកវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង ដើម្បីធ្វើជាដៃគូនៅក្នុងការអនុវត្តគម្រោងទាំងនេះ។

គួរជម្រាបថា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ចច អេដហ្គា និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បាន​រៀបចំពិធីជូនដំណើរជយលាភីអាហារូបករណ៍សហភាពអឺរ៉ុបថ្មី នៅក្នុងរាជធានីភ្នំពេញផងដែរ៕

មតិយោបល់