អង់គ្លេសៈក្មេងប្រុសសិស្សសាលា Michael Cura អាយុ ១៦ ឆ្នាំបានដួលស្លាប់ នៅក្នុងការធ្វើធម្មយាត្រាជិះកង់ចម្ងាយ ៩០០គីឡូម៉ែត្រ ខណៈខ្លួនជិតទៅជិតដល់ទីបញ្ចប់នៃផ្លូវសាសនាមួយដែលបានធ្វើដំណើររួមគ្នាជាមួយសិស្ស២១នាក់ និងបុគ្គលិកសាលារៀនចំនួន៨នាក់។
នេះបើយោងតាមសារព័ត៌មានស៊ីនហួដែលបានចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដានេះ។
Michael គីជាកូនប្រុសមកពីគ្រួសារហ្វីលីពីមួយរស់នៅក្នុងតំបន់ Morriston ទីក្រុង Swansea ប្រទេសអង់គ្លេស ហើយគេបានស្ថិតក្នុងចំណោមសិស្ស២១នាក់ និងបុគ្គលិកចំនួន៨នាក់ នៅពេលចេញដំណើរពីទីក្រុង Swansea ប្រទេសអង់គ្លេសនៅថ្ងៃទី១២ ខែកក្កដា ទៅកាន់ទីក្រុង Santiago de Compostela ប្រទេសអេស្ប៉ាញ។
ក្រុមនេះបានបញ្ឈប់ការធ្វើដំណើរហើយត្រូវបានត្រឡប់មកផ្ទះវិញ ដោយមិនបានបញ្ចប់ធម្មយាត្រា ជិះកង់នេះទេ។
សាលាបាននិយាយថាវាគឺ “ភាពខ្លោចផ្សាមួយរបស់ឪពុកម្តាយនៃសពដែលជាអ្នកគោរព បូជាចំពោះសាសនាកាតូលិករ៉ូម៉ាំង បានហោះចេញទៅប្រទេសអេស្ប៉ាញដើម្បីទទួលយកសពកូនដោយមានជំនួយពីប្រធានអប់រំផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាក្រុង Swansea បាននិយាយថា”ឪពុកម្តាយរបស់សិស្សនេះកំពុងត្រូវបានគាំទ្រឱ្យធ្វើដំណើរចេញទៅកាន់ប្រទេសអេស្ប៉ាញ។
សាលារៀនបានរៀបចំឲ្យសិស្ស និងបុគ្គលិកដែលនៅសេសសល់ត្រូវត្រឡប់មកផ្ទះវិញនៅថ្ងៃស្អែក
ក្រោយពីពិភាក្សាជាមួយសិស្ស បុគ្គលិក និងឪពុកម្តាយកូនសិស្សផ្សេងទៀត ។
យ៉ាងណាក៏ដោយ បើតាមប្រភពគេមិនបានប្រាប់អំពីមូលហេតុនៃការស្លាប់នោះនៅឡើយទេ៕




មតិយោបល់