តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា តួកគី បានចាប់ខ្លួនជំនួយការបុព្វជិតមូស្លីម លោក Fethullah Gulen ដែលត្រូវបានចោទប្រកាន់ ដោយរដ្ឋាភិបាលក្រុងអង់ការ៉ាថា រួមផ្សំគំនិតប៉ុនប៉ងធ្វើ រដ្ឋប្រហារ បន្ទាប់ពីត្រូវបរាជ័យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
របាយការណ៍នេះ បានឲ្យដឹងថា លោក Halis Hanci ដែលត្រូវបានគេស្គាល់ថា ជាជំនួយការរបស់លោក Gulen គាត់បានមកដល់ប្រទេសតួកគី ពីរថ្ងៃមុនពេលការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
អាជ្ញាធរតួកគីកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា លោក Mohammet Sait Gulen ជាក្មួយប្រុសលោក Gulen ត្រូវបានឃុំខ្លួនកាលពីដើម នេះបើយោងតាមរបាយការណ៍ NTV ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទាមទារម្តងហើយម្តងទៀត សម្រាប់ការធ្វើ បត្យាប័នលោក Gulen ហើយរដ្ឋាភិបាលបានដាក់សំណើនេះ ជាផ្លូវការហើយជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែកក្កដា ហើយត្រូវបានបោសសម្អាតជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់មនុស្ស ២៩០ នាក់ ត្រូវបានសម្លាប់ នេះបើតាមអាជ្ញាធរបាននិយាយ៕
មតិយោបល់