ស៊ីរីៈ រដ្ឋាភិបាលរុស្ស៊ី និងតួកគី បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ដើម្បីធានាដល់កងកម្លាំងឃឺដ ធ្វើការដកខ្លួនចេញពីតំបន់ នៅជិតព្រំដែនរវាងស៊ីរី និងតួកគី ដោយនឹងមានការល្បាតរួមគ្នា ស្របតាមកិច្ចព្រមព្រៀង ដែលត្រូវបានគេចាត់ទុកថា ជាប្រវត្តិសាស្ត្រមួយ របស់ប្រធានាធិបតីលោក Recep Tayyip Erdogan។ នេះបើយោងតាមសារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ដោយបន្ទាប់ពីកិច្ចពិភាក្សាម៉ារ៉ាតុង នៅទីក្រុងសូជី ភាគខាងត្បូងប្រទេសរុស្ស៊ី លោក Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានប្រកាសពីកិច្ចព្រមព្រៀង មួយនេះ នៅប៉ុន្មានម៉ោងមុនថ្ងៃកំណត់ សម្រាប់ប្រទេសតួកគី ដើម្បីចាប់ផ្តើម ការវាយលុករបស់ខ្លួន ទៅលើកម្លាំងឃឺដនៅស៊ីរី។
កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យរុស្ស៊ី និងតួកគី បំពេញតួនាទីជាតួអង្គបរទេស ដ៏សំខាន់ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពអាមេរិក ចេញពីតំបន់ភាគខាងជើងរបស់ប្រទេស កាលពីដើមខែនេះ៕
មតិយោបល់