ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចោទប្រកាន់មេដឹកនាំជាន់ខ្ពស់បក្សប្រជាធិបតេយ្យ ធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានប្រាប់មេដឹកនាំគណបក្សប្រឆាំង នៅក្នុងសភាថា ការចោទប្រកាន់លើរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលកំពុងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងកំហឹងតាមរយៈលិខិតមួយច្បាប់ មាន ៦ ទំព័រ លោក ត្រាំ បានប្រាប់លោកស្រី Nancy Pelosi អ្នកតំណាងរាស្រ្តដឹកនាំបក្សប្រជាធិបតេយ្យថា «ប្រវត្តិសាស្រ្ត នឹងវិនិច្ឆ័យអ្នកយ៉ាងសាហាវ»។

ជាមួយគ្នានេះដែរ លោក ត្រាំ បាន​សរសេរ​នៅ​លើ Twitter ថា «ល្បែង​ឆ្ពិន​ភ្នែក​នៃ​ការ​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ ​គឺ​ជា​កិច្ចការ​បោកប្រាស់​ទាំង​ស្រុង​នៅ​ក្នុង​ប្រវត្តិ​នយោបាយ​​អាមេរិក! បូករួមប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​ដៃគូ​របស់​ពួកគេ កំពុងព្យាយាម​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​គណបក្ស​សាធារណរដ្ឋលោក ​កាន់តែ​លំបាក»។

សូមជំរាបថា ការប្រកែកតវ៉ាគ្នា ធ្វើឲ្យមានការបែកបាក់ រវាងក្រុមអ្នកប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ​​ត្រូវបានគេរំពឹងថា នឹងឈានទៅដល់ការបោះ​ឆ្នោតចោទប្រកាន់ លើប្រធានាធិបតី ពីបទរំលោភអំណាច នៅថ្ងៃពុធនេះ៕

មតិយោបល់