តូក្យូៈ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅព្រឹកពុធ ទី០៣ សីហា បានធ្វើការរុះរើគណៈរដ្ឋមន្រ្តី ដោយលោកបានរក្សាមុខតំណែងបច្ចុប្បន្ន រដ្ឋមន្រ្តីមកពីបក្សខាងលោកស្ទើរតែពាក់កណ្តាល បើទោះបីជាមានភាពចម្រូងចម្រាស់ក្នុងការតែងតាំងលោក Tomomi Inada អតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម ឲ្យកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិជំនួសឧត្តមសេនីយ៍ Nakataniក៏ដោយ។
ការរុះរើនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក និងគណបក្ស Komeito ដែលជាដៃគូចម្រុះ បានពង្រីកអំណាចមូលដ្ឋានរបស់ខ្លួន នៅសភាជាន់ខ្ពស់នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅ ដែលនេះជាតំណាក់កាលទី៣ ចាប់តាំងពីលោក អាបេ ចូលកាន់តំណែងកាលពីឆ្នាំ២០១២ ហើយគេបានឃើញថា អតីតសមាជិករបស់លោក ០៨នាក់ ក្នុងចំណោម ១៩នាក់ ត្រូវបានរក្សាតំណែង នៅដដែល ក្នុងនោះគឺមានអ្នកនាំពាក្យរបស់លោក គឺលោក Yoshihide Suga, រដ្ឋមន្រ្តីការបរទេសលោក Fumio Kishida និងរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Taro Aso ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦នេះ៕
មតិយោបល់