ស៊ូដង់ៈ សារព័ត៌មាន Ashorooq របស់ស៊ូដង់បានរាយការណ៍ថា លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ូដង់ Abdel Rahman បាននិយាយកាលពីថ្ងៃពុធថា មនុស្ស៧៦នាក់បានស្លាប់និងមផ្ទះចំនួន ១៣០០ខ្នងដួលរលំដោយសារតែទឹកជំនន់ធ្ងន់ថ្មីមួយ និងមានភ្លៀងធ្លាក់ខ្លាំងនៅស៊ូដង់។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៦។
នៅក្នុងការដកស្រង់សម្តីរបស់រដ្ឋមន្រ្តីស៊ូដង់បាននិយាយថា «ភ្លៀងធ្លាក់ថ្មីៗ និងទឹកជំនន់បានបណ្តាលឱ្យបាត់បង់យ៉ាងធំទាំង ជីវិតនិងទ្រព្យសម្បត្តិ នៅក្នុងរដ្ឋចំនួន ១៣ នៃប្រទេសស៊ូដង់ដែលនាំឱ្យមានការស្លាប់ប្រជាជនចំនួន ៧៦នាក់» ។
លោកបាននិយាយថាស្ថានភាពនេះនៅតែមានការព្រួយបារម្ភពីព្រោះការគំរាមកំហែងដូចជាភ្លៀងធ្លាក់ខ្លាំងនិងកម្រិតនៃកម្ពស់ទឹកទន្លេនីលនៅតែបន្តកើនឡើង។ក្រុមប្រឹក្សាជាតិស៊ូដង់ដើម្បីការពារជនស៊ីវិល បានរំពឹងថា ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះនៅទូទាំងប្រទេសស៊ូដង់។
ក្រសួងធនធានទឹក ធារាសាស្រ្ត និងអគ្គិសនីស៊ូដង់បានជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់ទន្លេនីលនៅក្រុងខាទុំ និង Nahral Neel និងរដ្ឋភាគខាងជើងត្រូវត្រៀម និងប្រុងប្រយ័ត្នដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិដោយសារតែការកើនឡើងនៃកម្រិតទឹកទន្លេនីល៕
មតិយោបល់