ម៉ាទ្បេស៊ី: តារាចម្រៀង Rap ម៉ាទ្បេស៊ីម្នាក់ ឈ្មោះ Namewee ត្រូវបានគេចាប់ខ្លួន នៅឯព្រលានយន្ត ហោះអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីវីដេអូចម្រៀង “Oh My God!” របស់លោក ត្រូវបានគេចោទប្រកាន់ពីបទប្រមាថសាសនាអ៊ីស្លាម និងអាចបង្កឲ្យមានបញ្ហា ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
អធិការនគរបាលស្រុក North East លោក Mior Faridalathrash Wahid បាននិយាយថា តារាចម្រៀង លោក Namewee ដែលមានឈ្មោះពិតថា Wee Meng Chee ត្រូវបានគេឃុំខ្លួន នៅជុំម៉ោងប្រហែលជា ៣ និង៣០ នាទីយប់ ដើម្បីធ្វើការស៊ើបអង្កេត។
លោក Mior បាននិយាយថា “បុរសម្នាក់នេះ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ KLIA ហើយនឹងត្រូវ បញ្ជូនខ្លួនទៅរដ្ឋ Pulau Pinang ក្នុងការស៊ើបអង្កេតករណីនេះ រួចនឹងបញ្ជូនមកវិញនៅព្រឹកថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ដែរថា ក្នុងឈុតវិដេអូរបស់ក្រុមចម្រៀង Mandarin ដែលច្រៀងដោយបុរសបួននាក់ មានរយៈពេលបួននាទី ត្រូវបានគេជឿថា មានការប្រមាដល់សាសនាអ៊ីស្លាម ហើយធ្វើឲ្យមានការរិះគន់ ជាខ្លាំង ពីសហគមន៍មូលដ្ឋាន និងគណបក្សជាច្រើន រួមទាំងអង្គការមិនមែនរដ្ឋាភិបាលផង នេះបើតាមរបាយការណ៍របស់ប៉ូលិស៕
មតិយោបល់