បរទេសៈ បុរសម្នាក់ឈ្មោះ ម៉ូហាម៉ាត់ អាឡាហ៍ អាល់ចាលី រស់នៅក្នុងខេត្តអាឡេប៉ូ ភាគខាងជើង ប្រទេសស៊ីរី ដែលកំពុងតែញាំញី ដោយសង្គ្រាមខ្លាំងក្លាជាងគេ នៅប្រទេសស៊ីរីនោះ បានចំណាយ ពេលវេលាដ៏គ្រោះថ្នាក់ ចិញ្ចឹមសត្វឆ្មា ដែលត្រូវបានម្ចាស់បោះបង់ចោល និង យកមកផ្ញើលោក មុននឹងពួកគេរត់ភៀសខ្លួនចេញក្រៅប្រទេស ដើម្បីគេចចេញពីភ្នក់ភ្លើងសង្គ្រាម។ នេះដោយយោងតាមគេហទំព័រ TV POOl កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។
សង្គ្រាមនៅស៊ីរី ដែលបានកើតឡើងរវាងកងកម្លាំងប្រឆាំងរដ្ឋាភិបាល និង កងទ័ពរដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ ចាប់តាំងពីឆ្នាំ២០១១ មកនោះ បានបង្កវិនាសកម្មស្ទើរគ្រប់ទីកន្លែង ជាពិសេសនោះ គឺខេត្តអាឡេប៉ូ ផ្ទាល់ ហើយឆ្លៀតឱកាសដ៏គ្រោះថ្នាក់នោះ លោក អាល់ចាលី បានប្រមែប្រមូលសត្វឆ្មា អណាថា ដែលម្ចាស់ពួកវាអាចស្លាប់ ដោយសារសង្គ្រាម ឬរត់ចោលស្រុក នោះមកចិញ្ចឹមទុកដូចជាសមាជិកគ្រួសាររបស់លោកផងដែរ។
គិតចាប់ពីអំឡុង ៦ខែចុងក្រោយនៃឆ្នាំ២០១១ លោក អាល់ចាលី បានប្រមូលឆ្មាអណាថា បានតែជាង ២០ក្បាលប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីសង្គ្រាម ចេះតែអូសបន្លាយ ហើយមានគ្រួសារ ដែលស្រឡាញ់ឆ្មា បានយកសត្វឆ្មាជាទីស្រឡាញ់របស់ពួកគេ មកផ្ញើលោកជាបន្តបន្ទាប់នោះ ចំនួនឆ្មានៅក្នុងតំបន់ដែលលោករស់នៅនោះ បានកើនឡើងដល់ជាង ១០០ក្បាល។
លោក អាលីចាលី ក៏រំលឹករឿងរ៉ាវដ៏គួរឲ្យអាណិតមួយផងដែរ នោះគឺកាលពីពេលប៉ុន្មានខែមុននេះ មានក្មេងស្រីម្នាក់ រស់នៅក្នុងទីក្រុងអាឡេប៉ូ បានយកសត្វឆ្មាមួយក្បាលដែលជាទីស្រឡាញ់របស់ នាងមកផ្ញើលោកឲ្យជួយមើលថែ ព្រោះនាងនិងគ្រួសារ ត្រូវភៀសខ្លួនទៅបរទេសហើយ។ ក្រោយពី លោកបានទទួលចិញ្ចឹមនោះ លោកក៏បានថតរូបឆ្មាមួយក្បាលនោះ ផ្ញើទៅក្មេងស្រីខាងលើនេះដែរ ដែលបច្ចុប្បន្ននាងកំពុងរស់នៅក្នុងជុំរំភៀសខ្លួន នៅតាមព្រំដែនប្រទេសតួកគី៕
មតិយោបល់