បារាំងៈ ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានគេវាយប្រហារ ដោយបំពង់បង្ហូរឧស្ម័នបង្ហូរទឹកភ្នែក នៅតាមបង្អួចផ្ទះរបស់នាង ក្នុងអំឡុងពេលបាតុកម្ម ទាក់ទងនឹងការដំទ្បើងពន្ធប្រេងឥន្ធនៈ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង Marseille របស់ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
ស្ត្រីម្នាក់ដែលរស់នៅក្នុងផ្ទះល្វែងមួយ ជិតកន្លែងដែលមានការតវ៉ា ត្រូវបានគេវាយចំមុខ ខណៈដែលនាងកំពុងបិទបង្អួច។
ការតវ៉ាជុំវិញពន្ធប្រេងឥន្ធនៈ បានកើតជាអំពើហិង្សា បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន និងរងរបួស កាលពីថ្ងៃសៅរ៍។ ដោយស្ត្រីខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ក្នុងកំឡុងពេលវះកាត់ បន្ទាប់ពីទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលបារាំង កំពុងពិចារណា ជម្រើសទាំងអស់ ដើម្បីជាការឆ្លើយតប។ ខណៈអ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថា ក្នុងនោះក៏រួមបញ្ចូលទាំង ការដាក់ប្រទេស ក្នុងគ្រាមានអាសន្នផងដែរ។
ក្រុមប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការតវ៉ា ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមរយៈពេលជាងពីរអាទិត្យកន្លងមក។
ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា មនុស្សប្រហែល ១៣៦,០០០ នាក់ បានចូលរួមបាតុកម្ម នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់ចលនាអាវយឺតលឿង៕
មតិយោបល់