បាងកក : រដ្ឋាភិបាលថៃ បានប្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ណែនាំប្រជាជនរបស់ខ្លួនឲ្យ ព្យាយាមនៅក្នុងផ្ទះ ឬ អគារផ្សេងៗ ដើម្បីគេចចេញពីកម្តៅថ្ងៃក្តៅខ្លាំង ដែលប្រទេសអាស៊ីអាគ្នេយ៍ មួយនេះមិនដែលបានជួបប្រទះអស់រយៈពេល ៦៥ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសិង្ហបុរី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។
សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់ ភាគច្រើនទូទាំងប្រទេសថៃ បានកើនឡើងលើសពី ៤០អង្សាសេ ទៅហើយ នៅក្នុងអំឡុងខែមេសានេះ។ ជាក់ស្តែងសីតុណ្ហភាពនេះ វាលើសកម្រិតប្រកាសអាសន្នទៅហើយ ស្របពេលដែលមានការព្រមានថា វានឹងអូសបន្លាយទៅរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
នៅក្នុងខែមេសា ដដែលនេះសីតុណ្ហភាពមធ្យមនៅតំបន់ភាគច្រើនគឺ ៤០អង្សាសេ ហើយផ្នែក ព្យាករណ៍អាកាសធាតុបានលើកឡើងថា វានឹងអាចកើនឡើងដល់ ៤៤,៣ អង្សាសេនៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ។ អាជ្ញាធរបានប្រាប់ប្រជាជនកុំឲ្យចេញទៅណាមកណាពេលថ្ងៃក្តៅ និង ត្រូវទទួលទានទឹកឲ្យបានច្រើន ដើម្បីរក្សាតុល្យភាពទឹកក្នុងរាងកាយ។
គួរបញ្ជាក់ថា ក្មេងៗសរុប ១៣៥នាក់ទៅហើយបានលង់ទឹកស្លាប់ ក៏ព្រោះតែពួកគេចុះមុជទឹក សមុទ្រ ទន្លេ និង បឹង ដើម្បីគេចចេញពីអាកាសធាតុក្តៅ នៅក្នុងអំឡុងខែមេសា នេះ៕
មតិយោបល់