ព័ត៌មានអន្តរជាតិ

វៀតណាម រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក

ភ្នំពេញៈ នៅរាត្រីថ្ងៃទី២៥តុលា ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកស្រី បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គ និងថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានវត្តមានអញ្ជើញវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

មេដឹនាំនៃប្រទេសមេគង្គដែលមានវត្តមានអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ រួមមាន លោក អ៊ូ ធិន ច (U Htin Kyaw) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងលោកស្រី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, លោកបណ្ឌិត ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី, លោក សុំឃីដ ចតុស្រ៊ីភីថាក់ (Somkid Jatusriptak) ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ, លោក ឡេ លឿងមិញ អគ្គលេខាធិការអាស៊ាន។

ថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំ នៃប្រទេសមេគង្គ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គទាំងអស់ ដែលបាន ចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា វត្តមានរបស់សម្តេច និងថ្នាក់ដឹកនាំនៅក្នុងវេទិកានិងកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះ គឺពិតជាបានផ្តល់នូវតម្លៃនិងការទទួលខុសត្រូវខ្លាំងណាស់ សម្រាប់តំបន់មេគង្គទាំងមូល ពិសេសការខិតខំចែក រំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តនានា ក្នុងការជំរុញលើកកម្ពស់ជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋក្នុងតំបន់មេគង្គ ពិសេសការខិតខំធ្វើយ៉ាងណាថែរក្សានិងអភិរក្សធនធានធម្មជាតិ នៅក្នុងមហាអនុតំបន់មេគង្គ។

លោកនាយករដ្ឋមន្រ្តីក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រ តិភូទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួន ក្នុងការស្នាក់អាស្រ័យអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ ដើម្បីធ្វើការពិភាក្សាគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការបម្រើផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាពលរដ្ឋ ក្នុងតំបន់មេគង្គ៕

photo_2016-10-25_21-19-47

photo_2016-10-25_21-19-49

photo_2016-10-25_21-19-51

មតិយោបល់