សេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្ត នៅក្នុងការបង្ក្រាបទៅលើទូកនេសាទខុសច្បាប់របស់ប្រទេសចិន ដែលចូលក្នុងដែនទឹករបស់ខ្លួនស្ថិតនៅឈូងសមុទ្រភាគខាងលិចប្រទេស នៅថ្ងៃសៅរ៍ទី១២វិច្ឆិកា ប៉ុន្តែការបាញ់ប្រហារមិនបានបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួស ឬខូចខាតអ្វីនោះទេ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយផ្អែកតាមការលើកឡើងពីខាងក្រសួងសន្តិសុខ និងសុវត្ថិភាពសាធារណៈ និងពីខាងមន្រ្តីឆ្មាំសមុទ្រកូរ៉េខាងត្បូងថា ក្រុមទូកល្បាតកូរ៉េខាងត្បូង កាលពីវេលាម៉ោង ១១ និង១៦នាទីព្រឹក បានបើកការបាញ់ប្រហារអស់ ៩៥គ្រាប់ ក្នុងពេលដែលទូកចិនប្រហែល ៣០គ្រឿង បានចូលក្នុងដែនទឹកស្ថិតនៅភាគខាងលិចទីក្រុង Incheon។
ពួកគេបន្ថែមថា ទូកនេសាទចិនទាំងនោះ មិនបានអើពើចំពោះការព្រមាននោះទេ ដោយបន្តប្រតិបត្តិរបស់ពួកគេដដែល និងដោយមានអ្នកខ្លះតបតវិញយ៉ាងខ្លាំងក្លាលើការបង្ក្រាបទៀតផង។ ឃើញដូច្នេះក្រុមឆ្មាំសមុទ្រ បានប្រើកាំភ្លើងយន្ត M60 បាញ់ ដោយអនុលោមតាមរបៀបប្រតិបត្តិរបស់ខ្លួន។
សូមជំរាបផងដែរ ពាក់ព័ន្ធនឹងប្រទេសភូមិផងរបងជាប់គ្នា រវាងចិន និងកូរ៉េខាងត្បូងនេះដែរ ក្រុមឆ្មាំសមុទ្រកូរ៉េខាងត្បូង ក៏បានជូនដំណឹងអំពីឧប្បតិហេតុនេះ ទៅសមភាគីរដ្ឋាភិបាលទីក្រុង ប៉េកាំងផងដែរ និងថែមទាំងស្នើឲ្យចិនសហការ។
ជាមួយគ្នានោះដែរ កាលពីដើមខែវិច្ឆិកានេះ ឆ្មាំសមុទ្រកូរ៉េខាងត្បូង បានបាញ់កាំភ្លើងយន្ត M60ចេញពីកប៉ាល់មួយគ្រឿងអស់ប្រហែល ៦០០ ទៅ៧០០គ្រាប់ ក្នុងប្រតិបត្តិការចាប់ទូកនេសាទខុសច្បាប់ពីរគ្រឿង ដែលលួចចូលនេសាទខុសច្បាប់នៅក្នុងដែនទឹកខ្លួន ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករបួស ឬខូចខាតអ្វីនោះទេ។ បញ្ហាបាញ់ប្រហារនេះ ក៏បានធ្វើឲ្យចិនបង្ហាញការមិនពេញចិត្តជាមួយនឹងអ្វីដែលប្រទេសនេះបានមើលឃើញថា ជាការបង្រ្កាបដោយហិង្សា៕
មតិយោបល់