សេអ៊ូលៈ ប្រជាជនរាប់ម៉ឺននាក់ បាននាំគ្នាសម្រុកទៅកាន់ដងផ្លូវនានាក្នុងទីក្រុង សេអ៊ូល នៅថ្ងៃសៅរ៍ ដែលនេះជាការប្រមូលផ្តុំយ៉ាងធំជាថ្មីទៀត ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ ចុះចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដែលកាន់តែរីករាលដាល ពាក់ព័ន្ធនឹងមនុស្សជំនិតរបស់លោកស្រី គឺលោកស្រី ឆយ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមអ្នករៀបចំបាតុកម្មថា មនុស្សប្រមាណ ៨៥០.០០០នាក់ បានរួមគ្នាអុជទៀន នៅ Gwanghwamun និងទីលានសាធារណៈនៅទីក្រុង សេអ៊ូល គិតមកដល់វេលាម៉ោង ៦ និង៣០នាទីល្ងាចនេះ។ ចំណែកប៉ូលិសបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៥ និង៣០ល្ងាចនេះ បាតុករប្រមូលផ្តុំគ្នាគឺមានចំនួន ២២០.០០០នាក់។
ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូងចុះចេញពីតំណែងនេះដែរ ក្រុមអ្នករៀបចំបាតុកម្ម បានព្យាករណ៍ថា អាចនឹងមានអ្នកចូលរួមដល់ ១លាននាក់ ដែលនេះជាការប្រមូលផ្តុំធំជាងគេនៅទីក្រុងសេអ៊ូល។ ប៉ូលិសក៏បានឲ្យដឹងផងដែរថា ពួកគេបានដាក់ពង្រាយមន្រ្តីប៉ូលិសប្រមាណ ២៥.០០០នាក់ ដើម្បីការពារសក្តានុពលនៃអំពើហិង្សាកើតឡើង៕
មតិយោបល់