ប៊ីប៊ីស៊ីៈ ក្រុមអង្កេតភូមិសាស្រ្តសហរដ្ឋអាម៉េរិក បានឲ្យដឹងថា រញ្ជួយដីយ៉ាងកក្រើកកម្រិត ៧.៤រ៉ិកទ័រ កើតឡើងនៅថ្ងៃអាទិត្យនេះ បានប្រហារកោះ South នៅភាគខាងត្បូង ប្រទេស នូវែលសេឡង់ ដែលមានចម្ងាយ ៥៩ម៉ាយ ពីតំបន់មរតកប្រវត្តិសាស្រ្ត Christchurch។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា នេះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍រញ្ជួយនេះ ក្រសួងការពារស៊ីវិល បានព្រមានឲ្យប្រជាជនដែលនៅតាមឈូងសមុទ្រនៃកោះ South ភាគខាងកើតប្រទេស ត្រូវផ្លាស់ទីទៅតំបន់ខ្ពស់រាប ក្នុងករណីមានរលកស៊ូណាមិ។
បើតាមសេចក្តីរាយការណ៍មុននេះបានឲ្យដឹងថា មានផ្ទះមួយចំនួនដែលនៅជិតតំបន់ស្នូលរញ្ជួយ បានរងការខូចខាតផងដែរ។ ប្រជាជនម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «យើងបានលង់លក់ក្នុងដំណេក និងបានភ្ញាក់នៅពេលដែលផ្ទះញ័រ។ វាហាក់ដូចជាផ្ទះកំពុងតែសាងសង់»។
សូមជំរាបផងដែរថា រញ្ជួយដីកម្រិត ៧.៤រ៉ិកទ័រ វាយប្រហារកោះ សោត ភាគខាងត្បូងប្រទេស នូវែលសេឡង់នេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយពីចំនួនអ្នកស្លាប់ របួស ឬការខូចខាតអ្វីនៅឡើយទេ៕
មតិយោបល់