ថៃៈ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានស្លាប់ភ្លាមៗ នៅ
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ខណៈដែលពួកគេបានបើកបរម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ដើម្បីទៅធ្វើការក៏បានបុកទៅលើបង្គោលភ្លើងទាំងព្រឹក។
តាមរបាយការរបស់សមត្ថកិច្ចថៃបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង
នៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច
ផ្លូវកោងមួយកន្លែងក្បែរផ្លូវបំបែក ណងឆៃរឿ ក្នុងស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញយុវជន២នាក់ដែលជាពលករខ្មែរទៅធ្វើការនៅទីនោះបានជិះម៉ូតូឌុបគ្នាដោយបានបើកបរយ៉ាងលឿនដែលទំនងជាមានការប្រញ៉ាប់ទៅធ្វើការ លុះទៅដល់ត្រង់ចំណុចផ្លូវកោងប្រហែលជនរងគ្រោះបូងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងសសរដងគោមយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមនៅនឹងកន្លែង ដោយសារតែក្រោយពីបានបុកភ្លាមម៉ូតូនិងមនុស្សបានជ្រុលទៅធ្លាក់ក្នុងទឹកប្រឡាយ ចំណែកម្នាក់ទៀតក៏រងរបួសយ៉ាងធ្ងន់ធ្ងរដែរដោយត្រូវបានប្រជាពលរដ្ឋ
ជួយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ស្គាល់អំពីអត្តសញ្ញាណជនរងគ្រោះទាំង២នាក់ថាជាអ្នករស់នៅក្នុងខេត្តណានៃប្រទេសកម្ពុជានោះឡើយ ហើយក៏មិនយូរដែរស្ថានអគ្គកុងស៊ុលប្រចាំប្រទេសថៃ ប្រាកដជាជួយសម្រួលដល់ការដឹកសពពលកររូបនោះវិលត្រឡប់មកកម្ពុជាវិញជាមិនខាន ដើម្បីឲ្យក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់