មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងនាងមាស សម្ផស្ស បានបង្ហាញជាសាធារណៈថារវាងនាង និងលោក William ដែលគេស្គាល់ថាជាគូដណ្ដឹង ការពិតគឺជាស្វាមីភរិយានឹងគ្នាតាមរយៈអេតាស៊ីវិល បើទោះមិនទាន់រៀបការ និងកំពុងឈានដល់ការលែងគ្នាជាផ្លូវការព្រោះតែមានជនទី៣។ ដើមហេតុដែលបណ្ដាលឲ្យមានជម្លោះស្នេហ៍ពិបាកផ្សះផ្សាររវាងគូស្នេហ៍មួយគូនេះ គឺដោយសារតែម្ចាស់ហ្វេសប៊ុកឈ្មោះ Eko Mozii ត្រូវគេដឹងថាបានសុំខ្លួនធ្វើជាគូកំណាន់របស់ស្វាមីនាងមាស សម្ផស្ស និងប្រកាសថាគេមិនអាចបាត់បង់ស្វាមីរបស់មាស សម្ផស្សបានទេ ក្រោយពីទំនាក់ទំនងឈានដល់ស៊ីជម្រៅ។
មាស សម្ផស្ស និយាយថាក្រោយពេលភ្ជាប់ពាក្យ រវាងនាង និងគូដណ្ដឹងបានចុះអេតាស៊ីវិល ធ្វើប្ដីប្រពន្ធស្របច្បាប់ ហើយរួមរស់ជាមួយគ្នាដោយមានសេចក្ដីសុខរយៈពេល៤ឆ្នាំមកហើយ។ ប៉ុន្តែចំណងស្នេហ៍របស់នាងត្រូវបានរង្គោះរង្គើក្នុងរង្វង់ជាងមួយខែចុងក្រោយ ដោយសារតែនារីវ័យក្មេងម្នាក់ និងស្វាមីរបស់ខ្លួនមានស្នេហាស៊ីជម្រៅជាមួយគ្នា។ នាងថានារីដែលបានចូលខ្លួនមកបំបែកទំនាក់ទំនងប្ដីប្រពន្ធរបស់ខ្លួននោះ បានប្រើឈ្មោះក្នុងហ្វេសប៊ុកថា Eko Mozii មានវ័យ១៦ឆ្នាំ និងជាស្រីស្អាត ហើយចិត្តសឿង។ នារីនោះមិនត្រឹមតែប្រកាសមិនដកខ្លួនពីស្វាមីរបស់នាងក្រោយពេលអាថ៌កំបាំងត្រូវបានបែកធ្លាយនោះទេ គឺបានទាំងខល និងឆាតមកនាងសុំឲ្យនាងបើកផ្លួវឲ្យគេ និងស្វាមីរបស់ខ្លួនស្រឡាញ់គ្នានោះផង។ នាងថានារីនោះស្រឡាញ់ស្វាមីរបស់នាងណាស់ ស្រឡាញ់ដល់ថ្នាក់ខលមក ឆាតមក ដោយសូម្បីតែលោកWilliam ស្ថិតនៅក្បែរនាង និងបានរៀបរាប់ពីទឹកចិត្តស្រឡាញ់របស់គេចំពោះស្វាមីនាងដោយគ្មានអៀនខ្មាស និងសុំកុំឲ្យនាងជាភរិយាបំបែកបំបាក់។ នាងថាជាលើកទី១ដែលមាននារីស្រស់ស្អាតម្នាក់ចេញមុខសារភាព និងលាតត្រដាងគ្មានសល់ពីភាពផ្អែមល្ហែមជាមួយស្វាមីខ្លួន ដែលធ្វើឲ្យនាងបានដឹងពីទំនាក់ទំនងស៊ីជម្រៅកន្លងក្នុងពេលស្វាមីបិទបាំងធ្វើឲ្យនាងឈឺចិត្ត។
នាងថានារីឈ្មោះ Eko Mozii បានសារភាពគ្មានសល់ថាគេមិនខ្វះអ្នកស្រឡាញ់នោះទេ ប៉ុន្តែគេពិតជាជាប់ចិត្តតែមួយស្វាមីរបស់នាង និងសុំកុំឲ្យនាងមាត់កបង្កជម្លោះ ឬធ្វើសកម្មភាពណាមួយដែលនាំឲ្យលោកWilliam បែកចិត្តពីគេ។
មាស សម្ផស្ស និយាយថានៅពេលស្វាមីដែលខ្លួនស្រឡាញ់ មាននារីប្រកាសសុំស្រឡាញ់ដកចិត្តមិនរួចបែបនេះ ហាក់ធ្វើឲ្យនាងអួលណែនដើមទ្រូង និងគិតថាខ្លួនមិនគួរនៅធ្វើឆ្អឹងទទឹងកទៀតទេ ដោយសារតែនាងក៏កត់សម្គាល់ថាស្វាមីរបស់ខ្លួនបាត់មុខនារីនោះមិនបានដូចគ្នា។ នាងថាមានតែការលែងគ្នាប៉ុណ្ណោះ បើស្វាមីរបស់ខ្លួនមិនអាចដោះខ្លួនពីនារីម្នាក់នោះ និងមិនអាចបញ្ចប់សម្មភាពរញ៉េរញ៉ៃរបស់នារីម្នាក់នោះឲ្យឈប់រំខានខ្លួនបាន។
យ៉ាងណាមិញ លោក William បានអះអាងប្រាប់ Post News ថាលោកគ្រាន់តែលេងសើចជាមួយនារីឈ្មោះ Eko Mozii ជារបៀបមនុស្សប្រុសខិលខូចប៉ុណ្ណោះ គឺមិនមានបំណងស្រឡាញ់ រហូតបោះបង់ភរិយាអេតាស៊ីវិល គឺមាស សម្ផស្ស នោះទេ។ លោកជំរុញឲ្យ មាស សម្ផស្ស ទុកឱកាសឲ្យខ្លួន ដោយលោកប្រាប់ថាកំពុងរកវិធីដកខ្លួនពីនារីឈ្មោះ Eko Moizii ដើម្បីបញ្ចប់បញ្ហា។
នៅលើហ្វេសប៊ុកផ្លូវការរបស់នារីឈ្មោះ Eko Mozii នាងបានបញ្ជាក់ថាខ្លួនជាអ្នករាំ មានវ័យ១៦ឆ្នាំ និងមានឈ្មោះពិតថា Vicheka Royal ហៅ Jane ឬ ស្កាឡេត។ នាងបានបង្ហាញនៅលើហ្វេសប៊ុកថាខ្លួនមានសង្សារមិនមែនជាលោកWilliam នោះទេ ទើបជារឿងភ្ញាក់ផ្អើលដែលនាងមកលេងល្បែងស្នេហ៍ជាមួយស្វាមីរបស់ មាស សម្ផស្ស ហើយថែមទាំងសឿងសុំឲ្យមាស សម្ផស្ស យោគយល់ និងកុំធ្វើជាឆ្អឹងទទឹងកដែលកម្រមានរឿងបែបនេះចំពោះភរិយាទៅវិញ៕
មតិយោបល់