ខណៈដែលសង្សាររបស់ម្ចាស់គណនីឈ្មោះ Eko Mozii ប្រតិកម្មថារឿងដែលមាស សម្ផស្ស បានចោទប្រកាន់ជារឿងមិនពិត និងគ្រោងប្ដឹងនាងពីបទបរិហារកេរ្តិ៍ តារាសម្ដែងមាស សម្ផស្ស បានអះអាងថានាងនឹងស្វាគមន៍ចំពោះបណ្ដឹងរបស់នារីឈ្មោះ Eko Mozii ។ នាងក៏បានត្រៀមខ្លួនបង្ហាញភស្ដុតាងជាច្រើនបន្ថែមទៀត ដើម្បីអះអាងថាអ្វីដែលនាងសង្ស័យរបស់នាងគឺចំណុចស្របគ្នានោះផង។
មាស សម្ផស្ស និយាយថា បើក្រុមគ្រួសាររបស់នាង Eko Mozii ឬសាមីខ្លួនខ្លួនឯងចង់ដាក់បណ្ដឹងពីបទដែលនាងចោទថាគេពាក់ព័ន្ធប្ដីនាងក្នុងន័យស្នេហា គឺនាងស្វាគមន៍ ដោយសារតែនាងបានទ្រាំឆ្អែតជាមួយនឹងការបិទបាំងមុនពេលទំនាក់ទំនងរវាងប្ដីនាង និងនារីម្នាក់នោះត្រូវនាងចាប់ផ្ដើម។ នាងថាមនុស្សរាប់គ្នាជាបងប្អូនធម៌មិនអាចឆាតគ្នាស៊ីជម្រៅ និងធ្វើអ្វីក៏ជូនដំណឹងអោយគ្នាដូចអ្វីដែលនាងចាប់បានក្នុងឆាតទូរស័ព្ទរបស់ស្វាមីនោះទេ។
នាងថាខ្លួនគ្មានវីដេអូឃ្លីបបង្ហាញថាប្ដីខ្លួន និងនារីឈ្មោះ Eko Mozii ជាសហាយស្មន់នឹងគ្នានោះទេ ប៉ុន្តែយោងតាមឆាតដែលនាងចាប់បាន និងសកម្មភាពរបស់ស្វាមីដែលលើកសរសើរគ្រប់ម៉ាត់ចំពោះនារីក្មេងម្នាក់នោះ និងពាក្យសម្ដីដែលនាងបានឮដោយផ្ទាល់ពីក្មេងស្រីឈ្មោះ Eko Mozii គឺនាងយល់ថាជាអ្វីដែលនាងមិនអាចទទួលយកបាន។ នាងថាអ្វីដែលខ្លួនចោទប្រកាន់គឺមានអង្គហេតុច្រើនយ៉ាង ដែលនាងមិនទាន់បញ្ចេញ ហើយបើនារីឈ្មោះ Eko Mozii ដាក់បណ្ដឹងចំពោះនាងហើយនាងចាញ់ក្ដី គឺនាងសុខចិត្តជាប់គុក។
នាងថាបើស្រីម្នាក់នោះមិនមានពាក់ព័ន្ធនឹងស្វាមីរបស់ខ្លួន គួរណាស់តែចេញមុខសុំទោសក្រោយពីបានឆ្លងឆ្លើយសារជាមួយប្ដីនាងបណ្ដាលអោយមានការយល់ច្រលំ ប៉ុន្តែផ្ទុយទៅវិញបែរជាកាន់តែល្អូកល្អិន ដោយសារមួយម៉ាត់ៗដែលនាងចាប់បាន គឺមិនមានខ្លឹមសារគ្រប់គ្រាន់តែអ្នកទាំងពីមិនធម្មតា។
យ៉ាងណាក៏ដោយ បុរសម្នាក់ដែលប្រកាសថាសង្សាររបស់នាង Eko Mozii បានអះអាងថាអ្វីដែលមាស សម្ផស្ស លើកឡើងគឺជាការមូលបង្កាច់ និងគ្រោងដាក់បណ្ដឹងតាមច្បាប់ ខណៈដែលពាក្យគំរាមនោះគឺត្រូវបានមាស សម្ផស្សប្រកាសតបភ្លាមថាស្វាគមន៍ដោយមិនខ្លាច។ ជាមួយគ្នានោះលោក William ជាស្វាមីរបស់មាស សម្ផស្ស បានអះអាងរវាងខ្លួន និងនាង Eko Mozii គ្រាន់តែលេងសើចស៊ីជម្រៅជាមួយគ្នាតាមឆាតប៉ុណ្ណោះ តែមិនមានទំនាក់ទំនងខុសប្រពៃណីណាមួយនោះឡើយ ហើយលោកក៏បានប្រកាសថានឹងដោះស្រាយជាមួយ Eko ដើម្បីដកខ្លួនពីបញ្ហាដែលបានកើតឡើងផងដែរ៕
មតិយោបល់