នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកសុខ ជំនោរ អ្នកនិពន្ធល្បីឈ្មោះ ដែលបានវិវត្តន៍ខ្លួនក្លាយជាផលិតកុន នាពេលចុងក្រោយ លោករិះគន់ពេញបន្ទុក ពាក់ព័ន្ធនឹងពិធីមង្គលការមួយ ដែលត្រូវបានបិទផ្លូវហើយធ្វើឲ្យលោកដែលធ្វើដំណើរឆ្លងកាត់ធុញទ្រាន់។ លោកថាវប្បធម៌មួយនេះ តើគួរទុកឬទេ? ខណៈដែលទស្សនៈរបស់លោកក៏ស្របនឹងការប្រកាសរបស់មន្ត្រី នៅក្នុងខ័ណ្ឌមួយ ដែលបិទទាំងស្រុងនូវការអនុញ្ញាតិ ឲ្យធ្វើមង្គលការ ឬពិធីផ្សេងៗនៅលើចំណីថ្នល់ ឬបិទផ្លូវ ។
អមដោយរូបជាច្រើនសន្លឹកពាក់ព័ន្ធនឹងរោងមង្គលការមួយ ក្នុងខ័ណ្ឌឫស្សីកែវ លោកសុខ ជំនោរ សរសេរនៅលើហ្វេសប៊ុកថា«វប្បធម៌បែបនេះ គួរតែរំលាយពីស្រុកខ្មែរទេ?»។ ពិធីនេះត្រូវលោកប្រកាសថា ស្ថិតនៅភូមិបឹងឈូក ក្នុងខ័ណ្ឌឬស្សីកែវ និងជាមង្គលការបិទផ្លូវ មិនអាចធ្វើដំណើរកាលពីយប់ថ្ងៃទី៨ ធ្នូ។ លោកមិនឆ្លើយតបទៅកាន់អ្នកលេងហ្វេប៊ុក ដែលបន្ទរនូវការរិះគន់ខ្លាំងៗ មកបន្ថែមនោះទេ ក្រៅតែពីការបង្ហោះតុក្កតាបង្ហាញពីការហួសចិត្ត ដែលក្រុមអាជ្ញាធរផ្ដល់ផ្លូវឲ្យម្ចាស់ពិធីធ្វើពិធីមង្គលការ ដោយបទទាំងស្រុងនៅកំណាត់ផ្លូវនោះ ដែលធ្វើឲ្យអ្នកដំណើររាំងស្ទះ។ ការលើកឡើងរបស់លោកមិនមែនជារឿងចម្លែកនោះទេ ដោយសារតែពេលកន្លងមកគេឃើញមាន អ្នករិះគន់បែបនេះជាហូរហែរមកហើយ ដូចជាមុននេះបន្តិចមានជនបរទេសម្នាក់ រិះគន់រឿងអាជ្ញាធរផ្ដល់ផ្លូវឲ្យធ្វើពិធី ហើយស្ទះគេស្ទះឯងឡើងផ្អើលហ្វេសប៊ុកនោះ។ លោកឃ្លាំង ហួត អភិបាលខ័ណ្ឌជ្រោយចង្វារនាពេលកន្លងមក បានសម្រេចបិទច្បាប់មិនឲ្យមានការសុំផ្លូវ ឬចំណីថ្នល់ធ្វើពិធីមង្គលការ ឬធ្វើបុណ្យនោះទេ ដោយលោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលគ្មានទីធ្លារគឺអាចធ្វើបុណ្យ ឬធ្វើពិធីក្នុងវត្ត ឬជួលទីតាំងណាមួយរៀបចំជាជំនួស។ លោកថាមានការប៉ះពាល់ច្រើន ដោយមិនមែនត្រឹមតែកកស្ទះចរាចរណ៍នោះទេ តែក៍មានគ្រោះថ្នាក់ផងដែរ ប្រសិនបើធ្វើពិធីលើផ្លូវ ហើយមានរថយន្តតូចធំរេចង្កូតប៉ះទង្គិច។
យ៉ាងណាមិញផ្ទុយពីទស្សនៈខាងលើ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ធ្លាប់បានបញ្ជាក់ថាអ្នកដំណើរគួរតែមានការយោគយល់ ចំពោះម្ចាស់ពិធីដែលបានប្រើថ្នល់ ដើម្បីរៀបចំ ដោយសារតែស្ថានភាពនៅក្នុងប្រទេសកម្ពុជា គឺពលរដ្ឋមិនមានលុយកាក់គ្រប់គ្នា ដើម្បីជួលហាងធ្វើពិធីនោះទេ ហើយក៏ជារឿងមិនស្រួលនោះដែរ ដែលផ្ទះខ្លួននៅទីនេះ ហើយទៅធ្វើពិធីនៅទីនោះឆ្ងាយពីផ្ទះ។ ប៉ុន្តែលោកថាបើជាអ្នកមានជីវភាពធូរធារ ហើយនៅតែយកចំណីថ្នល់រៀបចំពិធី ដោយមិនចំណាយជួលហាង ដើម្បីរៀបចំ ក៏ជារៀងហួសហេតុផងដែរ ជាពិសេសសម្រាប់ពិធី ដែលបិទផ្លូវទាំងស្រុងមិនទុកមួយ ចំហៀងឲ្យធ្វើដំណើរ ៕
មតិយោបល់