ព័ត៌មានសិល្បៈ និងកម្សាន្ត

ពន្ធថ្មី កាន់តែជំរិត.កផលិតករ អោយបិទទ្វារផលិតកម្ម

យោងតាមការបញ្ជាក់របស់ផលិតករភាគច្រើនបានអះអាងថា ពួកគេកាន់តែឈឺក្បាលនឹងរឿងកាត់ពន្ធដែលបានកំណត់ឡើង ជាពិសេសក្នុងពេលដែលភាពយន្តនោះមិនបានផលចំណេញផង ក៏ពន្ធថ្មីដែលបានដាក់បានតម្រូវអោយកាត់ភាគរយមិនខុសពីជំរិត.កផលិតករ។

សម្ពាធក្នុងការកំណត់ពន្ធនេះ បានធ្វើអោយអ្នកផលិតរឿងកាន់តែរុញរាក្នុងការដំណើរការផលិតរឿង ដោយបានប្រកាសថានឹងគម្រោងបិទចោលផលិតកម្ម។ ផលិតករមួយរូបដែលអះអាងថាបានដាក់បញ្ចាំងរឿង ហើយមិនទទួលបានផលចំណេញស្មើដើមផង បានបង្ហាញពីការត្អូញត្អែរក្នុងការប្រមូលលុយក្រោយដាក់បញ្ចាំងរឿង ដោយគោលការណ៍ថ្មីបានកំណត់អោយម្ចាស់រោងភាពយន្តត្រូវបង្វិលថវិកាដែលលក់សំបុត្របានចូលប្រព័ន្ធ ធនាគារដែលសហការជាមួយពន្ធដា ហើយតម្រូវអោយកាត់ពន្ធ១០ភាគ និងផ្នែកខ្លះ១៥ភាគរយដោយស្វ័យប្រវត្តិ។ លោកថាដើម្បីកុំអោយផលិតកម្មខាតបង់ ប្រពន្ធធនាគារតម្រូវអោយធ្វើឯកសារខ្ទង់ចំណាយគ្រប់ផ្នែក ទាំងការចំណាយលើតួ និងលើបច្ចេកទេសជាដើម ដើម្បីអោយផ្នែកទាំងនោះជាអ្នកអស់ពន្ធវិញ ទើបធ្វើអោយលោកឈឺក្បាលព្រោះតែខាងធនាគារទាមទារអោយធ្វើឯកសារនោះអោយរួចរាល់ ទើបនឹងបញ្ចេញលុយអោយ។

លោកនិយាយថា«ស្ថានភាពលូវហ្នឹងគឺអស់ទឹកចិត្តធ្វើកុនបន្តតែម្ដង ដោយសារលុយគ្រាន់តែរោងកុនបង្វិលចូលធនាគារភ្លាម គឺខាងពន្ធដារគេកាត់១០ភាគរយពីលើតែម្ដង អ៉ីចឹងបើយើងអត់ចង់ខាត លុះត្រាតែធ្វើឯកសារចំណាយផ្នែកនេះផ្នែកនោះ ហើយអោយអ្នកទទួលលុយពីផលិតកម្មពីជាអ្នកខាតពន្ធវិញ ទើបខ្ញុំបញ្ចាំងរឿងច្រើនខែមកហើយ នៅតែដកលុយបញ្ចាំងអត់ទាន់បាន!»។ លោកថាខ្លួនស្ថិតក្នុងការស្មុគស្មាញ ហើយគម្រោងបិទចោលផលិតកម្មដូចគ្នានឹងផលិតកររឿង«កំណត់ហេតុនាងនាថ»ក៏នឹងធ្វើផងដែរ នៅពេលប្រពន្ធបង់ពន្ធថ្មីមានភាពស្មុគស្មាញដល់ម្លឹង។ លោកថាក្រោយពីចែកគ្នាជាមួយរោងកុន បើផលិតកម្មសុខចិត្តអោយរដ្ឋកាត់ពន្ធ១០ភាគរយតែម្ដងគឺអាចដកលុយបានលឿន តែបើចង់អោយអ្នកទទួលលុយជាអ្នកខាតពន្ធលើប្រាក់ដែលត្រូវទទួលនោះដែរ ទើបតម្រូវអោយធ្វើឯកសារស្មុគស្មាញ ក្នុងពេលដែលតួ និងផ្នែកដែកត្រូវទទួលលុយពីផលិតកម្មកំពុងប្រតិកម្មលើគោលការណ៍នេះ។

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាបានបង្ហាញពីកង្វល់បន្ទាប់ពីការអនុវត្តន៍ពន្ធថ្មីចាប់ផ្ដើមដំណើរការ ដែលលោកបានហៅគោលការណ៍នោះថា ជាសម្លាប់វិស័យភាពយន្តដែលទើបតែល្អបានមួយរយៈ។ លោកប្រកាសធ្វើញត្តិស្នើសុំជាថ្មីម្ដងទៀត បន្ទាប់ពីសំណើរសុំអោយមានការពន្យារពេលយកពន្ធមិនត្រូវបានឆ្លើយតប។ លោកនៅតែរំពឹងថានឹងមានសង្ឃឹមលើការពន្យារពេល ដោយលោកបញ្ជាក់ថាបើរដ្ឋមិនលើកលែងទេ គឺផលិតកម្មកាន់តែច្រើន ជាពិសេសផលិតកម្មតូចៗនឹងបន្តបិទទ្វារ។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរធ្លាប់បានបញ្ជាក់ថា គោលការណ៍កំណត់ពន្ធថ្មី នឹងធ្វើអោយផលិតករមួយចំនួនបន្តបិទចោលផលិតកម្ម ហើយស្ថានភាពនេះមិនមែនប៉ះពាល់តែផលិតកម្មទេ តែអ្នកប៉ះពាល់ជាងគេតារាសម្ដែងតែម្ដង ទើបអ្នកនាងគម្រោងចាប់ដៃជាមួយសមាគមភាពយន្តកម្ពុជា ធ្វើញត្តិជាថ្មីឡើងវិញដើម្បីស្នើអោយមានការពន្យារពេលអនុវត្តន៍ពន្ធអោយបាន១០ឆ្នាំ។

អ្នកនាងថាវិស័យសិល្បៈនឹងមានការប៉ះពាល់ ហើយក្នុងនាមអ្នកនាងជាប្រធានសមាគមន៍មួយរូប គឺពិតជាមានក្ដីកង្វល់សម្រាប់គោលការណ៍កំណត់ពន្ធថ្មីនោះ។

មកទល់ពេលនេះមានផលិតករ២រូបហើយគឺ លោករ៉ូណាន់ ដែលបានផលិតរឿង«កំណត់ហេតុនាងនាថ» និងលោកហ៊ួរ សុផល ដែលផលិតរឿង«នរណា Comeback »ប្រកាសអោយដឹងពីគម្រោងបិទការផលិតរឿង ខណៈដែលផលិតករជាច្រើនផ្សេងទៀត គឺស្ងាត់បញ្ចេញរឿងតែម្ដង បន្ទាប់ពីមានការកំណត់ពន្ធថ្មី។ យ៉ាងណាមិញ ឆ្លើយតបនឹងក្ដីបារម្ភនេះ មន្ត្រីក្រសួងធ្លាប់បានបញ្ជាក់ថាការពន្យារពេលវាគួរតែអស់សុពលភាពហើយ ដោយសារតែគម្រោងកំណត់ពន្ធនេះធ្លាប់បានពន្យារពេលតាមការស្នើសុំផុតកំណត់ទៅហើយ៕

មតិយោបល់