ភ្នំពេញ: មកទល់ពេលនេះ នៅតែមានចុះផ្សាយម្ដងហើយម្ដងទៀត ថាតារាចម្រៀងនាង ពេជ្រ សោភា និងលោកដេវីត បានទទួលថវិការលើកទឹកចិត្ត របស់សម្ដេច ហ៊ុន សែន ស្ងាត់ៗក្នុងម្នាក់២ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរនិពន្ធបទ «រាំញីកែងជើង» ធ្វើឲ្យមានការកោតសរសើរ។
ប៉ុន្តែឆ្លើយតប នឹងព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់នេះ ទាំងសាមីខ្លួន និងអ្នកពាក់ព័ន្ធបានអះអាងថាមិនបានដឹងនោះទេ។
កញ្ញា ពេជ្រ សោភា បានអះអាងថាខ្លួនបានបង្ហោះឆ្លើយតប នឹងព័ត៌មានដែលបានចុះផ្សាយនោះហើយ ដោយនាង និងលោកដេវីដ សូមបញ្ជាក់ ដោយស្មោះត្រង់អត់មានទទួលថវិកាដូចអ្វី ដែលបានចុះផ្សាយនោះទេ។
ឆ្លើយប្រាប់ Post News នៅរសៀលនេះ នាងនិយាយថា «សម្រាប់ខ្ញុំ! អរគុណសម្ដេចពេកហើយដែលលោកបានផ្ដល់កិត្តិយស លើកសរសើរបទចម្រៀង របស់ខ្ញុំកន្លងមក ហើយសម្រាប់ខ្ញុំ និងដេវីដ បានទទួលប៉ុណ្ណឹង គឺអស់ចិត្តហើយ គឺមិនប្រាថ្នាដល់សុំឲ្យលោកផ្ដល់ជាប្រាក់រង្វាន់ទៀតទេ! ខ្ញុំនៅតែអះអាងដដែលថាខ្ញុំ និងដេវីដ អត់មានបានទទួល៤ម៉ឺនដុល្លារអីស្ងាត់ៗពីរនាក់ ដូចអ្វីដែលគេលើកឡើងរហូតមានជាព័ត៌មានហ្នឹងទេ ការចុះផ្សាយអញ្ចឹងខ្ញុំយល់ថាជាការប៉ះពាល់ចំពោះសម្ដេចទៅវិញទេ!»។
នាងថា ខ្លួនមិនហ៊ានស្រម៉ៃ ដល់រឿងទទួលបានថវិកាឧបត្ថម្ភ របស់សម្ដេចនាយករដ្ឋមន្ដ្រី នោះទេ ដោយសារតែការលើកសរសើរ ដែលសម្ដេចបានធ្វើជាសាធារណៈពាក់ព័ន្ធ នឹងស្នាដៃថ្មីរបស់ខ្លួន មានតម្លៃគ្រប់គ្រាន់សម្រាប់ការផ្ដល់កម្លាំងចិត្ត។
ពេជ្រ សោភា និយាយថា «អត់មានខាងណាតេមកសម្ភាសន៍ខ្ញុំសោះ ស្រាប់តែចេញព័ត៌មានហ្នឹង ហើយនិយាយថា ពួកខ្ញុំបានទទួលថវិការួចហើយ តាមពិតខ្ញុំ និងដេវីដអត់ដឹងអីសោះ រឿងហ្នឹងអត់មានទេ!»។
នៅលើបណ្ដាញសារព័ត៌មានខ្លះ បានបញ្ជាក់ទិន្នន័យថា Page ឬវេបសាយមួយរបស់សមាគមសិល្បករខ្មែរ ជាអ្នកបញ្ចេញរឿងនោះ បន្ថែមពីលើការអះអាងថា របស់មន្ត្រីផ្កាយ២ម្នាក់ ដែលគេមិនដឹងថាជាអ្នកណា ទើបនាំឲ្យមានការចុះផ្សាយព័ត៌មានគ្មានការពិតនោះឡើយ។
ប៉ុន្តែឆ្លើយឆ្លងនឹងព័ត៌មាននេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានប្រាប់ Post News អម្បាញមិញថា ស្ថាប័នរបស់លោកមិនមានវេបសាយ ឬ Page ដូចអ្វីលើកឡើងនោះទេ ហើយលោកក៏មិនបានដឹងរឿង ពេជ្រ សោភា និងដេវីដ ទទួលបានថវិការឧបត្ថម្ភស្ងាត់ៗអីនោះដែរ៕
មតិយោបល់