នេះជាវណ្ណកម្មទី៣ ហើយរបស់ផលិតកម្ម BKS ដែលបានបោះទុនធំផលិតរឿងថ្មីមួយទៀត ក្រោមចំណងជើងថា «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» ដោយបោះទុនចំនួន ៦ម៉ឺនដុល្លារដើម្បីផលិតខ្សែភាពយន្តនេះឡើង និងក្រុងពាលីជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ។
អ្វីដែលគេចាប់អារម្មណ៍បំផុត ក្នុងពិធីសម្ពោធខ្សែភាពយន្តនោះ គេឃើញ ចាងហ្វាងវ័យក្មេង លោក ឈុន សុវណ្ណភក្តី បានអញ្ជើញផលិតករ លោក ចាន់ណា រ៉ូណាន់ ឲ្យថតក្នុងភាពយន្តថ្មីរបស់ខ្លួនផងដែរ ។ ក្រៅពីនេះ នៅមានតារាសម្តែងជាច្រើនទៀត មាន ពៅ លីដា នាងខ្ញុង គីម ហួរ នាយគ្រឿន នាយចឺម និងតារាប្រុសស្រីជាច្រើនទៀតចូលរួមសម្តែង ។
ភក្តីថា សម្រាប់ខ្សែភាពយន្តថ្មី ដែលលោកបានបោះទុនជាង ៦ម៉ឺនដុល្លារនេះ សង្ឈឹមជោគជ័យច្រើន ព្រោះថាសាច់រឿង វាហាក់ខុសពីសាច់រឿងមុនៗ ព្រោះសាច់រឿងនេះកំប្លែងតាំងពីដើមទី រហូតដល់ចប់ និងសង្ឈឹមអាចប្រដុំប្រសង សាច់រឿងផ្សេងៗ ទៀតដែលកំពុងល្បីនៅកម្ពុជា ។
ឈុន សុវណ្ណភក្តី ថាលោកបានត្រៀមសម្រិតសម្រាំងគុណភាព សម្រាប់ទស្សនិកជនអស់ហើយ សម្រាប់ខ្សែភាពយន្តថ្មីមួយនេះ ទាំងឧបករណ៍ថត និងគុណភាព Colore និងផ្ទៃរឿងទាំងមូល ធ្វើយ៉ាងណាមិនឲ្យទស្សនិកជនអាក់អនចិត្ត។ លោកថា ខ្សែភាពយន្តនេះ ចាប់ផ្តើមថតនៅដើមឆ្នាំ២០១៧ នេះ ហើយអាចនឹងពាក់កណ្តាលឆ្នាំ២០១៧ នឹងដាក់បញ្ចាំង ជាផ្លូវការ។
បញ្ជាក់ផងដែរថា «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» សរសេររឿង និង ដឹកនាំសម្តែងដោយ ម្ចាស់ផលិតកម្មវ័យក្មេងខាងលើ លោក ឈុន សុវណ្ណភក្តី ៕




























មតិយោបល់