បើតាមតាមដានពីសកម្មភាពធ្វើទាន និង ការបរិច្ចាគរបស់ កញ្ញា ឌួង ហ្សូរីដា នៅក្នុងមួយរយៈចុងក្រោយនេះ ម្នាក់ៗពិតជាស្ងើចសរសើរជាមិនខានទេ ដោយសារតែគេថ្ងូររឿងជម្ងឺកូវីត១៩ តែកញ្ញា បែរជាសកម្មនឹងការបរិច្ចាគ។ កញ្ញា ត្រូវគេឃើញដុតដៃដុតជើងធ្វើសកម្មភាពបរិច្ចាគទាំងជាលក្ខណៈឯកជន និង ជាលក្ខណៈចូលរួមចំណែកជាមួយស្ថាប័ននានាដូចភ្លៀងរលឹម ក្នុងពេលមនុស្សភាគច្រើនកាត់បន្ថយការចំណាយ។
មិនរាប់បញ្ចូលសកម្មភាពចែកទានជាទ្រង់ទ្រាយតូច តារាល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា ចេញមុខចំចែកចែកអំណោយ និង បរិច្ចាគថវិកាផ្ទាល់ខ្លួនមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះទេ ចាប់តាំងពីមានបញ្ហាកូវីត១៩ ដែលកញ្ញាបានធ្វើមកទល់ពេលនេះ។ យ៉ាងណាមិញ កញ្ញា រមែងបង្ហោះក្នុងពេល Live លើហ្វេសប៊ុកថា កញ្ញាមិនមែនជាអ្នកមានទេ ប៉ុន្តែមកពីបងប្អូនរួមចំណែកទិញរាល់ផលិតផលរបស់កញ្ញាច្រើនៗរាល់ថ្ងៃ ហើយកញ្ញាក៏បានប្រកាសថា នឹងដកផលចំណេញប៉ុន្មានភាគរយសន្សំទុកជាប្រចាំ ទើបកញ្ញា និងក្រុមការងារ អាចមានលទ្ធភាពបង្កើតមូលនិធិដើម្បីធ្វើការងារសប្បុរសធម៌ និង ជួយសង្គមដូចភ្លៀងរលឹម។ ស្របគ្នាដែលកញ្ញា ក៏មានក្រុមសប្បុរសធម៌ចាំចូលរួមផង ទើបសកម្មភាពទាំងនោះកាន់តែសភាពផុលផុស។
តាំងពីមានបញ្ហាកូវីត១៩ គេឃើញខាងមុខហាងមុទិតារបស់កញ្ញា និង ប្អូនស្រី ស្ថិតនៅតាមបណ្ដោយផ្លូវទេពផន រៀបចំតុ និងកន្ទេល ដើម្បីចែកជែលលាងដៃ ម៉ាស់ មី និង គ្រឿងឧបភោគបរិភោគជូនអ្នកដំណើតតាមផ្លូវ និង អ្នកមានជីវភាពខ្វះខាត ដែលធ្វើអោយគេមើលឃើញពីទង្វើជាគំរូ និងការលះបង់គួរឲ្យសរសើររបស់តារារូបនេះ។ ងាកទៅមើលសកម្មភាពផ្សេងៗ គេឃើញកញ្ញា បរិច្ចាគជួយសង្គមម្ដងហើយម្ដងទៀត ស្ទើរមិនចោលសកម្មភាពបរិច្ចាគតែម្ដង ដែលតារាមុន និង រួមជំនាន់ មិនទាន់មានតារាណាធ្វើដូចនៅក្នុងកាលៈទេសៈនេះ។ កញ្ញាបានដឹកនាំអំណោយយកទៅជូនតាជីយាយជី
កាលពីពេលថ្មីៗ ដោយកញ្ញា ក៏បានចូលរួមស្មឹងស្មាត និង ស្ដាប់ព្រះធម៌ ដើម្បីរម្ងាប់ផ្លូវអារម្មណ៍ ដែលកំពុងតែភិតភ័យព្រោះតែកូវីតនេះផង។ កាលពីថ្ងៃទី៣០ មីនា កញ្ញា បានអោយក្រុមការងារយកអង្ករ ភេសជ្ជៈ ត្រីខ ទឹកអាល់កុល និង ថវិកាយ៉ាងសន្ធឹកទៅប្រគល់ជូនដល់សមាគមតន្ត្រីជនពិការ ក្នុងពេលដែលសមាគមនេះប្រឈមនេងការខ្វះខាត។ ជាមួយនឹងរាជរដ្ឋាភិបាល កញ្ញាបានបរិច្ចាគ ៥០០ដុល្លារ ជួយទប់ស្កាត់ជម្ងឺកូវីត១៩។ កាលពីពេលថ្មីៗ កញ្ញា ក៏បានប្រគល់ម៉ាស់ដែលគិតជាទឹកប្រាក់មិនក្រោមពាន់ដុល្លារ ជូនដល់អង្គការសុម៉ាលីម៉ម។ កាលពីថ្ងៃទី៣ មេសា កញ្ញា ក៏បានបរិច្ចាគថវិកា៥០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) និងបានបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ចំនួន២០០០ដុល្លារ ក្ដៅៗ អមដោយអំណោយជាច្រើនទៀត កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០។ ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែបើមើលលើផេក និង ហ្វេសប៊ុកក្រុមការងាររបស់កញ្ញា ទើបដឹងថា ឌួង ហ្សូរីដា ធ្វើទាន និង បរិច្ចាគច្រើនមែនទែន ទាំងកញ្ញា មិនមែនជាអ្នកមានស្ដុកស្ដម្ភ ហើយលុយដែលបានមកគឺបានពីការប្រឹងលក់ផលិតផលគ្រប់ផ្នែករាល់ថ្ងៃ៕
មតិយោបល់