ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឹម រដ្ឋា បន់អោយមានរឿងថត ក្រោយចប់បុណ្យ៧ថ្ងៃជីដូន

ក្រោយពីថតបញ្ចប់រឿង «ម្ទេសហិរអំបិលប្រៃ» របស់ទូរទស្សន៍PNN និងរឿង «ហង្សបាក់ស្លាប» របស់ប៉ុស្ដិ៍លេខ៥ តារាសម្ដែងនាងទឹម រដ្ឋា បានអះអាងថានាងនៅមិនទាន់មានរឿងថ្មី ដើម្បីចេញថតនោះទេ។ នាងថាក្រោយចប់ពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃរបស់ជីដូនកាលពីថ្ងៃទី៣ មករា នាងបន់អោយតែមានរឿងថតនោះទេ ដោយសារតែនាងមិនចង់ទំនេរ និងចង់មានស្នាដៃថ្មីៗបង្អួតមហាជន។

ទឹម រដ្ឋា បានថ្លែងក្នុងពិធីបុណ្យជីដូនថា កញ្ញាមិនបានប្រកែងមិនទទួលការសម្ដែងនោះទេ ប៉ុន្តែមកពីមិនទាន់មានការទំនាក់ទំនងអោយត្រូវចិត្ត ទើបនាងមិនទាន់មានរឿងថ្មីណាមួយចេញថតដូចមុន។ បើទោះជាជាប់ធ្វើបុណ្យអោយជីដូន ប៉ុន្តែនាងមិនដែលច្រានចោល មិនទាន់ទទួលការងារសិល្បៈ ជាពិសេសគឺការងារថតរឿងនោះទេ ដោយសារតែនាងគឺជាតារាសិល្បៈ ហើយមិនចង់ទំនេរ និងគ្មានស្នាដៃថ្មីបណ្ដាក់គ្នា។ នាងថាបន់អោយតែមានការទំនាក់ទំនងប៉ុណ្ណោះ ដើម្បីអោយនាងពិចារណាហើយចេញថតតែម្ដង ព្រោះនាងចាប់ផ្ដើមស្រឡាញ់ ការសម្ដែងរឿងកាន់តែច្រើន។ នាងនិយាយថា«ចប់បុណ្យយាយហ្នឹង អោយតែមានគេហៅថតទទួលភ្លាម គ្នាបន់អោយតែហៅតើ អត់មានទុកពេលអោយសប្បាយចិត្តមួយរយៈទើបទទួលថតអីទេ!»។ ការបាត់បង់លោកយាយគឺជារឿងសោកស្ដាយ ប៉ុន្តែបើអោយនាងដាក់សម្ពាធរហូតមិនទទួលថតរឿង ឬមិនទទួលការងារសិល្បៈ គឺនាងមិនធ្វើនោះទេ ដោយសារតែអ្នកចែកឋានបានសុខទៅហើយ គឺទោះជានាងបន្តទុកពេលអាលោះអាល័យក៏មិនអាចបានយាយត្រលប់មកវិញ។ នាងថាខ្លួននៅស្រណោះជីដូន ប៉ុន្តែចំពោះការងារច្រៀងរាំ និងការសម្ដែងគឺអោយតែអញ្ជើញទទួលយកភ្លាម អត់មានដំអក់នោះទេ។

ងាកទៅកាន់កម្មវិធី៧ថ្ងៃ និង១០០ថ្ងៃ លោកយាយរបស់នាងវិញ គេឃើញតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ទឹម រដ្ឋា និយាយថាធាតុលោកយាយរបស់នាង ឪពុកម្ដាយនាងបានសម្រេចតម្កល់ នៅវត្តអង្គតាមិញ ដើម្បីងាយស្រួលទៅអុជធូប និងគោរពបូជា ដោយមិនយកទៅតម្កល់នៅស្រុកកំណើតនោះទេ។ នាងថាសប្បាយចិត្តដែលឃើញតារាសិល្បៈច្រើននាក់ចំណាយពេលមកចូលរួមពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃរបស់លោកយាយនាង បើទោះជាកាលបុណ្យសពត្រូវចំអំឡុងឆ្លងឆ្នាំ មិនអាចអោយតារាសិល្បៈមកចូលរួមបានច្រើន៕

មតិយោបល់