ព័ត៌មានសិល្បៈ និងកម្សាន្ត

ដំណឹងចុងក្រោយ! សួង សុវណ្ណារ៉ា ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យថៃ

យោងតាមអ្នកទទួលទូរស័ព្ទដែលអះអាងថាជាឪពុកមា របស់លោកសួង សុវណ្ណារ៉ា បានអះអាងថាផលិតកររូបនេះ កាន់តែមានសភាពធ្ងន់ធ្ងរ បើទោះជាត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យប្រទេសថៃ។ លោកត្រូវបានទម្លាយថាស្ថិតក្នុងសភាពវង្វេងវង្វាន់ដោយសារតែជាតិថ្នាំធ្វើទុក្ខ ហើយដៃដែលបានអាររហូតរបួសសុះសាច់នោះក៏ហើម និងមានសភាពចុកចាប់ខ្លាំងផងដែរ។

អ្នកលើកទូរស័ព្ទជាពូបង្កើតបានអះអាងថា លោកសួង សុវណ្ណារ៉ា ត្រូវបានបញ្ជូនទៅកាន់ពេទ្យប្រទេសប្រមាណ៤ថ្ងៃមកហើយ តែលោកមិនបានច្បាស់ថាស្ថិតនៅក្នុងពេទ្យណានៅឡើយទេ ដោយគ្រាន់តែបានដឹងថាស្ថិតក្នុងទីក្រុងបាងកក។ លោកថាក្រោយការព្យាបាលពេទ្យថៃ បានប្រើបច្ចេកទេសលាងក្រពះពោះវៀន ប៉ុន្តែមិនបានធូរស្រាលនោះទេ ដោយសារតែថ្នាំលាងបង្គន់ ដែលលោកបានលេបដើម្បីធ្វើអត្តឃាតបានកាត់ក្រពះ និងគ្រឿងក្នុងបណ្ដាលអោយមានសភាពរលាកធ្ងន់ធ្ងរ។ គាប់ជួនជាលោកសួង សុវណ្ណារ៉ា ក៏មានបញ្ហាសតិអារម្មណ៍ច្រើនផង ទើបលោកចាប់ផ្ដើមវង្វេងវង្វាន់នៅក្នុងពេលនេះ។ លោកនិយាយថា«រឿងធូរដូចអត់ធូរទេអូនអើយ លូវវា(សួង សុវណ្ណារ៉ា) វង្វេងវង្វាន់អីទៀត តែអត់ទាន់ដឹងថាមិចទេ!»។ លោកថាមិនច្បាស់រឿងលោកណារ៉ា វិលពីព្យាបាលនៅប្រទេសថៃពេលណានោះទេ ដោយលោកនិង ក្រុមគ្រួសារក៏រង់ចាំដំណឹងដូចគ្នា។

នៅលើហ្វេសប៊ុករបស់លោកគេឃើញមិនមានដំណើរការទៀតទេ ដោយលោកបានបញ្ជាក់មុនចេញទៅថៃថា មានគេHack បណ្ដាលអោយហ្វេសប៊ុករបស់លោកត្រូវBlock។ អ៊ីចឹងហើយទើបសភាពចុងក្រោយ របស់ផលិតកររូបនេះ មិនត្រូវបានគេដឹងបន្ទាប់ពីទូរស័ព្ទ របស់លោកពេលខ្លះក៏ខលចូលពេលខ្លះក៏ខលមិនចូល។ ឪពុកមារបស់លោកបញ្ជាក់ សភាពរបស់លោកណារ៉ា លុះត្រាតែឆ្លងផុតការព្យាបាល របស់គ្រូពេទ្យថៃ ទើបអាចនឹងថាអាចជាដូចដើម ឬមិនជា ប៉ុន្តែបើផ្អែកលើស្ថានភាពចុងក្រោយ គឺក្រៅពីហើមដៃ រលាកក្រពះពោះវៀនធ្ងន់ធ្ងរ ក៏ធ្លាក់ខ្លួនវង្វេងវង្វេងដូចមនុស្សលែងមានសតិរឹងមាំបន្ថែមទៀត៕

មតិយោបល់