ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊េប៊ី ចោលវីឡា តម្លៃជិត២០ម៉ឺនដុល្លារ

ខុសពីតារាភាគច្រើនដែលមានឱកាសទិញវីឡា គឺបន់អោយតែហើយនឹងអាលឡើងរស់នៅ តារាចម្រៀង និងពិធីការិនីនាងប៊េប៊ី បែរបានប្រកាសថាខ្លួនសុខចិត្តចោលវីឡានោះដោយមិនទៅរស់នៅនោះទេ ដោយនាងសុខចិត្តទុកចោល ឬជួលចោល។ នាងបានបញ្ជាក់ពីមូលហេតុមួយចំនួនពាក់ព័ន្ធនឹងមិនព្រមចូលនៅក្នុងវីឡានោះ បន្ទាប់ពីគម្រោងសាងសង់កាន់តែជិតបញ្ចប់។

ប៊េប៊ី បានសារភាពថាវីឡាដែលនាងបានទិញនៅបុរីប៉េងហួតផ្សារអំពៅពិតជាមានតម្លៃជាង១០ម៉ឺនដុល្លារ ដោយបូកទាំងការសាងសង់បន្ថែមផង គឺអស់ប្រមាណជាង១៩ម៉ឺនដុល្លារហើយ។ នាងថាផ្ទះវីឡានោះនឹងត្រូវរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ប៉ុន្តែនាង និងក្រុមគ្រួសារសម្រេចមិនឡើងរស់នៅនោះទេ ដោយគម្រោងសម្ពោធក៏គ្មាននោះដែរ។ នាងថាហេតុផលដែលចោលផ្ទះនោះមិនខ្វល់រស់នៅ គឺនៅផ្ទះចាស់មានតម្កល់ធាតុឪពុករបស់នាង ដែលបានចែកឋានកាលពី១ឆ្នាំមុន ដែលនាងមិនអាចដើរចោលបាន។ នាងថាធាតុឪពុករហូតដល់គ្រប់៣ឆ្នាំ ទើបអាចលើកទៅតម្កល់នៅចេតិយ៍ ដែលបានសាងសង់បាន ទើបនាងមិនអាចចេញទៅរស់នៅវីឡា ដែលបានទិញដោយទុកធាតុឪពុកអោយឯកោក្នុងផ្ទះចាស់។ នាងថាខ្លួនសម្រេចចោលវីឡាយ៉ាងហោច២ឆ្នាំក្រោយការសង់រួច ខណៈដែលស្ថានភាពបន្តគឺអាចចោលរយៈពេលយូរក៏ថា បានប្រសិនបើជួលអោយគេបានថ្លៃ ហើយអ្នកជួលនោះមិនធ្វើអោយនាង និងម្ដាយស្មុគស្មាញ។ នាងនិយាយថា«វីឡាហ្នឹងដូចតែទិញចោលចឹង អត់មានគម្រោងឡើងនៅទេ ដោយសារតែអត់ចង់ចោលប៉ានៅផ្ទះចាស់ និងម្យ៉ាងចង់ជួលសិនផង!»។

នាងបដិសេធថាផ្ទះវីឡាដែលនាងសម្រេចចិត្តចោលមិនខ្វល់ឡើងនៅនោះ ជាចំណែករបស់ឧកញ៉ាដែលល្បីថាស្រឡាញ់នាង ដោយនាងបញ្ជាក់ថាខ្លួន មិនមានឧកញ៉ាណាម្នាក់តាមស្រឡាញ់ និងទិញវីឡានោះអោយទេ។ ប៊េប៊ី ថាវីឡានោះខ្លួនទិញបង់រំលោះ ទើបសម្រេចចិត្តទុកចោល ដោយអាចជម្រើសយកគម្រោងជួលអោយភ្ញៀវ ដើម្បីបានលុយយកមកទប់។ នាងថាដរាបណាធាតុរបស់ឪពុក មិនត្រូវបានដល់កំណត់យកទៅកាន់តែចេតីយ៍ទេ នោះគម្រោងចូលនៅវីឡា នឹងមិនអាចកើតឡើង៕

មតិយោបល់