បន្ថែមពីលើប្រតិកម្មជុំវិញការចោទប្រកាន់ថា បានបង្ខំអោយតារាស្រីដែលជ្រើសយកមកថតក្នុងMV របស់ផលិតកម្មថោន សុទ្ធតែតម្រូវអោយគេងជាមួយ លោក រិទ្ធិ អូមេហ្គា អ្នកដែលត្រូវគេចោទប្រកាន់ បានអះអាងថា បើមានតារាស្រីណាម្នាក់ ត្រូវបានលោកដាក់សម្ពាធអោយធ្វើរឿងអសីលធម៌បែបនោះដូចអ្វីដែលបានលើកឡើងសូមអោយតារាម្នាក់នោះចេញមុខតតាំង។ លោកបានទាំងព្រមានអោយម្ចាស់អាក់ខោនដែលបានបង្ខូចឈ្មោះលោកម្នាក់នោះ ក្លាហានក្នុងការតទល់ជាមួយលោកនោះផង ជាមួយនឹងបន្តជំហរថានឹងដាក់បណ្ដឹង បើម្ចាស់អាក់ខោននោះ នៅតែបន្តលាបពណ៌មិនពិតពីខ្លួន។
ដើមហេតុដំបូងដែលនាំផ្ទុះសង្គ្រាមដែលនាំអោយ ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា«ចំណាំមនុស្សដែលធ្វើអោយខ្ញុំឈឺចាប់»បង្ហោះថាទាមទារគេងជាមួយតារាស្រីបើតារាម្នាក់នោះចង់ល្បីក្នុងស្នាដៃរបស់លោកនោះ គឺដោយសារតែលោកចេញមុខរិះគន់MV បទចម្រៀងក្នុងផលិតកម្មមួយ ដែលបានផលិតសាច់រឿងស្រើបស្រាលក្ដៅរោលរាល ដែលលោកគិតថាមានសាច់រឿងប្រាសចាសនឹងវប្បធម៌ប្រពៃណីខ្មែរ។ លោក រិទ្ធ អូមេហ្គា បានបង្ហោះឆ្លើយតបនឹងការបង្ខូចឈ្មោះនោះថា«ខ្ញុំប្រលូកក្នុងការងារនេះ(ដឹកនាំសម្ដែង)ជាង3ឆ្នាំហើយ ខ្ញុំមិនដែលបានយកឈ្មោះជា Director ទៅដាក់កំហិតដោះដូរក្នុងការហៅគេថតទេ។ ដោយសារបុគ្គលម្នាក់ប្រើ Account Facebook fake មកនិយាយលាបពណ៍បង្ខូចឈ្មោះខ្ញុំ បន្ទាប់ពីខ្ញុំរិះគន់ទៅលើផលិតកម្មមួយ ដែលផលិតចំរៀងSex។ អាចហៅតួដែលខ្ញុំធ្លាប់ហៅថតបានល្បីក្នុងបទខ្ញុំ តើមានអ្នកណាខ្ញុំដែលបានប៉ះពាល់ខ្លួនប្រាណខ្លះ? ខ្ញុំហៅតួថតសម្តៅលើសមត្ថភាព នឹងត្រេមុខស៊ីនឹងសាច់រឿងខ្ញុំសសេរឡើង និយាយបែបនេះគឺប៉ះពាល់កិត្តយសខ្ញុំ ការងារខ្ញុំ នឹងគ្រួសារខ្ញុំខ្លាំងណាស់។ ខ្ញុំធ្វើការមួយនេះដោយបេះដូង នឹងការស្រលាញ់ អ្នកដែលបានស្គាល់ខ្ញុំ នឹងការងារខ្ញុំបានដឹងហើយថាខ្ញុំយ៉ាងណា? សូមកុំព្យាយាមលាបពណ៍ខ្ញុំអី!!!សូមជួយShare រកយុទ្ធធម៍អោយខ្ញុំផង។ រាល់តួដែលខ្ញុំជ្រើសរើសយកមកសម្តែងក្នុងបទខ្ញុំ ខ្ញុំពឹងលើសមត្ថភាពតួសម្តែង នឹងត្រេមុខតួ ខ្ញុំមិនដែលប្រើតួខ្សែរ រឺចង់បានប្រយោជន៍ពីតួសម្តែងមកវិញដោះដូរនឹងការហៅថតទេ ព្រោះខ្ញុំស្រលាញ់ស្នាដៃខ្ញុំ ខ្ញុំមិនប្រើតួដែលមិនត្រូវនឹងសាច់រឿងខ្ញុំទេ ទោះគ្នាឯងសុំថតក៏ដោយ សូមជួយរកយុត្តិធម៍ចំពោះអ្វីដែលខ្ញុំកសាងកន្លងមកផង។ អ្នកដែលនិយាយបង្ខូចឈ្មោះខ្ញុំបែបនេះ កុំប្រើAcc Fake! និយាយតទល់គ្នា នឹងអាចហៅតួស្រីណាដែលខ្ញុំបានប៉ះពាល់មក? តែបើវាមិនមែនជាការពិតអ្នកឯងត្រៀមខ្លួនប្រឈមមុខនឹងផ្លូវច្បាប់ចុះ!!! ហ៊ានទេ?»។
មកទល់ពេលនេះ មិនទាន់ដឹងថាអ្នកដែលប្រើអាក់ខោនហ្វេសប៊ុកក្លែងក្លាយវាយប្រហារចំពោះលោកគឺជាអ្នកណានៅឡើយទេ ប៉ុន្តែលោកថាខ្លួនមានវិធីស៊ើបដឹងថាជាអ្នកណា ជាពិសេសដោយសារតែម្ចាស់អាក់ខោននោះបានបញ្ចេញប្រតិកម្មបន្ទាប់ពីលោករិះគន់ការផលិតបទចម្រៀងរបស់ផលិតកម្មមួយ ដែលលោកបញ្ជាក់ថាម្ចាស់អាក់ខោន ពិតជាមានការពាក់ព័ន្ធនឹងអ្វីដែលលោករិះគន់នោះ។ លោកបន្តថាអ្វីដែលលោករិះគន់មិនមែនជាការវាយប្រហារនោះទេ ពោលគឺលោកគ្រាន់តែចង់រួមចំណែកផ្ដល់ជាគំនិតដើម្បីផលិតករទាំងឡាយកាត់បន្ថយការផលិតសាច់រឿងបទចម្រៀងដែលមានរូបភាពស្រើបស្រាលរោលរាល ដែលលោកយល់ថានោះជាការផលិតសាច់រឿង ដែលនាំសង្គមភ្លើតភ្លើនប៉ុណ្ណោះ៕
មតិយោបល់