ភ្នំពេញៈ ក្រោយបញ្ចប់ការសម្រុះសម្រួលនៅចំពោះមុខតុលាការកាលពីថ្ងៃទី២៧ ឧសភា រវាងគ្រួសារអ្នកស្លាប់ និងតារាចម្រៀងខេម កាន់តែបន្តខ្វែងគំនិតគ្នា ដោយសារតែគ្រួសារលោកខេមសុំបង់៤ពាន់ ហើយគ្រួសារជនរងគ្រោះទាមទារ២៥០០០ដុល្លារ។
លោក លី ម៉ាត់លី បានអះអាងថា បើមិនបានសំណងតាមការស្នើសុំ លោកនឹងបន្តនិតិវិធីច្បាប់ប្ដឹងតារាចម្រៀងខេមថែមមួយករណីទៀត ពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវតែដាក់ពិន័យដល់អ្នកបុកគេស្លាប់ហើយនោះ។
លោក លី ម៉ាត់លី បានប្រកាន់ជំហរមិនទទួលយកសំណងក្រោម២៥០០០ដុល្លារនោះទេ ដោយអះអាងថាថវិកាដែលលោកទាមទារនោះ គឺដើម្បីចំណាយលើបុណ្យសពរបស់ប្អូនប្រុស ចំណាយលើការខូចខាតរថយន្តរបស់សពទាំងមូល និងចំណាយលើថ្លៃឯកសារជាច្រើនផ្សេងទៀត ចាប់ពីតាំងពីមានរឿងបុកគ្នាមកទល់នឹងពេលនេះ។
បើទោះជាម្ដាយរបស់លោកខេម គឺអ្នកស្រីឡាច ម៉ាលី បានអះអាងថា សុំបង់ត្រឹម៤ពាន់ដុល្លារ ដែលថវិកានេះ គឺអ្នកស្រីបានមកពីការលក់ផ្ទះ ឬដាក់បញ្ចាំធនាគារ ដែលអ្នកស្រីទទូចឲ្យមានការសណ្ដោសអាណិត ក៏ភាគីខាងជនរងគ្រោះប្រកាសជំហរមិនទទួលយក និងថា ខ្លួនមិនអាចទទួលយកការសម្រុះសម្រួលបានទេ ប្រសិនបើជំហររបស់តារាចម្រៀងខេម នៅតែព្រមផ្ដល់សំណង២៥០០០ដុល្លារ។
លោកលី ម៉ាត់លី បងបង្កើតរបស់សពបានថ្លែងប្រាប់ថា សំណង៤ពាន់ដុល្លារខុសគ្នាឆ្ងាយពីការទាមទាររបស់ខ្លួន ហើយលោកក៏បានបង្ហាញការខឹងសម្បារផងដែរ ដែលភាគីខាងតារាចម្រៀងខេម លើកថ្ងៃពីនេះទៅនោះ និងមិនគោរពពាក្យសន្យាក្នុងការចចារ ដែលធ្វើឲ្យលោកមិនដឹងពីជំហររបស់លោកខេម។
លោកប្រកាសថា ដាក់បណ្ដឹងពីបទរដ្ឋប្បវេណី បន្ថែមពីលើទោសព្រហ្មទណ្ឌដែលចោទប្រកាន់ដោយច្បាប់ចរាចរផ្លូវគោក ទៅកាន់តុលាការមួយទៀត ដោយអះអាងថាក្រោយដាក់បណ្ដឹងនោះ លោកនឹងបន្ថែមសំណងលើសពី២៥០០០ដុល្លារ ដើម្បីទូទាត់ការចំណាយលើសោហ៊ុយប្ដឹងផ្ដល់។
លោកចាត់ទុកថា ភាគីតារាចម្រៀងខេម មើលស្រាលជីវិតរបស់ប្អូនប្រុសខ្លួន ទើបប្រកាសបង់តែ៤ពាន់ដុល្លារ ដែលការចំណាយនេះ គឺគ្រាន់តែថ្លៃខូចខាតរថយន្តក្នុងពេលកើតហេតុក៏មិនអាចទៅរួច។
យ៉ាងណាមិញ យោងតាមអង្គហេតុពីមន្ត្រីប៉ូលិសបានអះអាងថា ហេតុផលដែលតារាចម្រៀងខេមសុំបង់សំណងយោគយល់ ទំនងជាសម្អាងថាភាគីខាងអ្នកស្លាប់គឺលោក លី ការិន បើករថយន្តចូលរង្វង់ទ្រូងថ្នល់ម្ខាងទៀត ហើយមកបុករថយន្តរបស់ខ្លួន។ ប៉ុន្តែលើបញ្ហានេះមន្ត្រីប៉ូលិស បានអះអាងថាមិនទាន់បានទទួលការបកស្រាយពីតារាចម្រៀងខេមឡើយ ដោយសារតែលោកឲ្យតែបងប្អូនមកដោះស្រាយជំនួសតាំងពីថ្ងៃមានរឿង។
លោកលី ម៉ាត់លី បានអះអាងថា លោកមិនអាចទទួលយកសំណងតាមការយោគយល់បានទេ ដោយសំណងដែលសុំបង់នោះខុសគ្នាខ្លាំងពេក ហើយលោកក៏មិនត្រូវកាត់ថ្លៃលើជីវិតរបស់ប្អូនលោកដែរ គឺគ្រាន់តែចង់ទទួលយកថវិកាឲ្យបានសមរម្យ ដើម្បីទូទាត់ការចំណាយធ្វើបុណ្យ ថ្លៃខូចខាតរថយន្ត និងរត់ឯកសារក្នុងរយៈពេលនេះប៉ុណ្ណោះ៕
មតិយោបល់