ខណៈដែលតារាសិល្បៈជើងថ្មីច្រើនឡើង បានរុញច្រានតារាជំនាន់មុនអោយបាត់បង់ទីផ្សារ ស្របគ្នាដែលការងារសម្ដែងរបស់នាងប៊ីរីយ៉ា ក៏ចុះខ្សោយជាងមុនផង មានការលើកឡើងជាច្រើនថា ការត្រលប់មកកាន់អាជីពសម្ដែងក្រោយមានស្វាមីរបស់តារារូបនេះ នឹងស្ថិតលើផ្លូវក្រាលដោយបន្លារ។ យ៉ាងណាមិញនាងអះអាងថាមិនភ័យរឿងបាត់បង់ឆ្នាំងបាយ ព្រោះតែវ័យឈានឡើង ហើយតារាថ្មីក៏ប្រជែងជាងមុននោះឡើយ។
ក្នុងជំនួបដោយផ្ទាល់ក្នុងពិធីសម្ពោធរឿង«ស្នេហ៍ស្វ័យគុណ៤»ប៊ីរីយ៉ា និយាយថាបើទោះជាទីផ្សារសិល្បៈកាន់តែមានការប្រជែងខ្លាំង តែនាងមិនភ័យបាត់បង់ទីផ្សារនោះទេ ថ្វីដ្បិតថានាងបានទទួលស្គាល់ថា ការងារសិល្បៈរបស់ខ្លួនថមថយមិនដូចមុន។ តាំងនាងប្រកាសទទួលសិល្បៈប្រមាណជិតមួយឆ្នាំចុងក្រោយ នាងទើបទទួលបានមួយរឿងនេះគត់ ខណៈដែលខ្សែរឿងថ្មីក៏ស្ថិតក្នុងការចចារនៅឡើយ ដែលមានន័យថាមិនទាន់ច្បាស់លាស់។ នាងបាននិយាយថាការងារសិល្បៈ មិនច្រើនដូចមុនក៏ពិតមែន ប៉ុន្តែក៏ស្របនឹងកាលៈទេសៈដែលនាងត្រូវចំណាយពេលមួយផ្នែកជាមួយអាជីពលក់ដំណាប់អំពិល និងត្រូវមើលថែកូនតូចវ័យជាង១ឆ្នាំក្នុងផ្ទះផងដែរ ទើបនាងយល់ថាការងារមិនសូវសកម្មសម្រាប់ការសម្ដែងមិនចោទបញ្ហា។ ផ្ទុយទៅវិញនាងថាសប្បាយចិត្ត ដែលតារាថ្មីៗអាចមានសមត្ថភាព ធ្វើអោយផលិតករពេញចិត្ត និងមានឱកាសបានសម្ដែងជាតួលេចធ្លោជំនួសតារាជំនាន់នាង។ ប៊ីរីយ៉ាបញ្ជាក់ថាមិនមានគម្រោងកែកុនផ្នែកសម្រស់ ឬធ្វើស្ទីលណាប្លែក ដើម្បីកន្ទ្រាក់នូវការចាប់អារម្មណ៍នោះទេ ដោយអះអាងថា អ្វីដែលនាងប៉ុណ្ណាគឺយកប៉ុណ្ណោះ ដោយមិនភ័យរឿងបាត់បង់ទីផ្សារ ព្រោះតែនាងមិនមានអ្វីដែលប្លែកជាបច្ចុប្បន្ននោះឡើយ។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់ ដែលប៊ីរីយ៉ា បានលើកឡើងក្នុងពិធីសម្ពោធរឿង«ស្នេហ៍ស្វ័យគុណ៤» អមដោយជំហរប្រកាសទទួលសិល្បៈជាថ្មី និងគម្រោងបើកអាជីវកម្មលក់ដំណាប់អំពិលរបស់នាងផង៖
https://www.youtube.com/watch?v=_RLjc9yZ7aw
មតិយោបល់