ភ្នំពេញៈ បន្ទាប់ពីបានទទួលជោគជ័យលើការបង្កើតកម្មវិធី«ចង្កៀងនៃក្ដីសង្ឃឹម»កាលពីថ្ងៃអាទិត្យកន្លងទៅ លោកចន អេឡិចហ្សូរ៉ាបានអះអាងថា ខ្លួននឹងធ្វើកម្មវិធីនេះ ជាថ្មីម្ដងទៀង ប៉ុន្តែមិនមែន ជួយដល់ក្រុមក្មេងកំព្រា និងជនឥតទីពឹងដដែលនោះទេ គឺនឹងធ្វើទៅលើក្រុមដែលមានភាពទុរគត៌ក្រុមផ្សេងវិញម្ដង។
លោកបានប្រកាន់ជំហរចេញមុខជួយសង្គមបែបនេះ បើទោះជាសកម្មភាពរបស់ក្រុមលោកនៅមិនទាន់មានការចូលរួមច្រើននៅឡើយពីតារាសិល្បៈដូចគ្នា។
ពិធីករប្រចាំទូរទស្សន៍អប្សរារូបនេះបានអះអាងថា ថាកាលពីថ្ងៃអាទិត្យទី១៥ឧសភា លោកបានដឹកនាំក្រុមកុមារកំព្រាមកពីខេត្តតាកែវប្រមាណជាង៣០រូបដែលភាគច្រើនជាក្មេងកំព្រា ជាជនពិកា និងជាជនមានបញ្ហាស្មារតី ឲ្យសម្ដែងសិល្បៈរ៉ៃអង្គាសប្រាក់ ហើយទទួលជោគជ័យយ៉ាងខ្លាំង ដើម្បីពញាក់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឲ្យមើលឃើញពីទុក្ខលំបាករបស់ក្រុមក្មេងកំព្រាមួយក្រុមនេះ។
លោកថា ក្មេងៗដែលបានបង្ហាញខ្លួនសម្ដែងសិល្បៈនៅសាលរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាថ្ងៃនោះ មានឈ្មោះថាក្រុមកុមារភូមិសុខសាន្តនៅខេត្តតាកែវ ដោយក្រោយពីក្រុមរបស់លោកឈ្មោះ«ប្រណម្យ» ចាត់ចែងពិធីនេះឡើយ គឺបានទទួលនូវការផ្ដល់ជំនួយជាហូរហែដោយផ្ទាល់ តែលោកមិនបានដឹងថាតើបានទទួលកម្រិតណានោះទេ ដោយសារតែលោកគ្រាន់តែធ្វើកម្មវិធីណែនាំ ហើយបើមានការផ្ដល់ជំនួយគឺលោក និងក្រុមការងាររុញឲ្យយកទៅប្រគល់ដល់តំណាងមណ្ឌលក្មេងកំព្រានោះដោយផ្ទាល់ ដោយលោកមិនបានប្រមូលទទួល។
លោកបន្តថា កម្មវិធី«ចង្កៀងនៃក្ដីសង្ឃឹម» នឹងក្លាយជាកម្មវិធីស្វែងរកមូលនិធីមួយកាន់តែធំ ជួយដល់ក្រុមក្មេងកំព្រា និងទុរគត៌ជននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏នឹងមានសកម្មភាពផ្ដោតលើការជួយសង្គ្រោះដល់ក្រុមតារាសិល្បៈណាមួយផងដែរ ដោយគ្រាន់តែក្នុងពេលនេះគឺមិនទាន់មានការសំណូមពរឲ្យក្រុមលោកធ្វើ។
លោកបន្ថែមថា យ៉ាងយូរក្នុងរយៈពេល២ខែទៀត ក្រុមដដែលរបស់លោកនឹងធ្វើកម្មវិធី«ចង្កៀងនៃក្ដីសង្ឃឹម» ជាថ្មីម្ដងទៀត ដោយការស្វែងរកជំនួយនាពេលនោះ ក៏ប្រហែលជាផ្ដោតជួយដល់ក្រុមសហគមក្រីក្រ ឬក្មេងកំព្រានោះដែរ ដោយសារតែក្នុងពេលនេះ គឺមានមណ្ឌកកុមារកំព្រាច្រើនសុំឲ្យលោកជួយសង្គ្រោះ។ លោកថា មានក្រុមក្មេងកំព្រាមួយក្រុមក្នុងចំណោមក្រុមដែលបានស្នើមក នឹងត្រូវបានក្រុមលោកជ្រើសមកចាត់ចាត់គម្រោងនេះ ប៉ុន្តែលុះត្រាតែឆ្លងកាត់ការប្រជុំជាមុនសិន ដើម្បីកំណត់ថាក្រុមណាពិបាកជាង ហើយត្រូវតែធ្វើកម្មវិធីនេះដើម្បីជួយមុន៕
មតិយោបល់