ព័ត៌មានសិល្បៈ និងកម្សាន្ត

យក់ ឋិតរដ្ឋា ហង្សមាសហៅចចារ

បន្ទាប់ពីបានទម្លាយពីផែនការអន់ចិត្ត ហើយចង់ចាកចេញពីផលិតកម្មហង្សមាស តារាចម្រៀងអ្នកនាងយក់ ឋិតរដ្ឋា បានអះអាងថាថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ ហៅអ្នកនាងទៅចចារដើម្បីសម្រួលផ្លូវចិត្តហើយ។ យ៉ាងណាមិញ មន្ត្រីហង្សមាសមិនទាន់បញ្ចេញអោយឃើញពីលទ្ធផល ណាមួយសម្រាប់ដំណោះស្រាយនៅឡើយទេ។

អ្នកនាងយក់ ឋិតរដ្ឋា និយាយថាក្រោយការបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុក ពាក់ព័ន្ធនឹងអារម្មណ៍អន់ចិត្តជាមួយហង្សមាស ដោយសារតែខាងហង្សមាស ក្រៅពីមិនបានបញ្ចេញល្អអោយ ហើយថែមទាំងមិនបានលើកអ្នកនាងអោយបានឡើង ឆាកនៅក្នុងកម្មវិធីធំៗទៀតនោះ គឺខាងហង្សមាសបានហៅអ្នកនាង ទៅជជែកចចារជាមួយគ្នាហើយ។ អ្នកនាងថាហង្សមាសបានទទូចកុំអោយអ្នកនាងអន់ចិត្ត និងថាដំណោះស្រាយដើម្បីកុំអោយអ្នកអស់សង្ឃឹម ក្នុងជម្រកហង្សមាស។ អ្នកនាងថាមន្ត្រីហង្សមាសបានហៅអ្នកនាងទៅសួរពាក់ព័ន្ធនឹងរឿងនេះ ដោយសារខាងហង្សមាសសន្យាគិតគូរអោយនាងឡើងវិញ។ យ៉ាងណាមិញអ្នកនាងថាក្នុងបទសន្ទនាលើការចចារនោះ មន្ត្រី ហង្សមាសមិនបានប្រាប់ថានៅ ក្នុងពេលណាទើបដំណោះស្រាយនឹងត្រូវអនុវត្តន៍នោះទេ ខណៈដែលវិធានការដូចម្ដេចក៏មិនបានលើកឡើង ដែលនៅតែធ្វើអោយអ្នកនាងស្ថិតក្នុងភាពស្រពិចស្រពិល។ អ្នកនាងនិយាយថា«ខាងហង្សមាសគាត់ហៅខ្ញុំទៅសម្រួល តែមើលទៅគាត់ដូចអត់និយាយអីផង គាត់បានត្រឹមតែថាចាំដោះស្រាយៗ!»។ អ្នកនាងខាងហង្សមាសអត់មានបញ្ជាក់ថាដំណោះស្រាយដែលនឹងគិតគូរជាអ្វី ហើយពេលវេលាណាអោយប្រាកដក៏មិនមានកំណត់។ អ្នកនាងនៅតែមិនហ៊ានសង្ឃឹមខ្ពស់ថាហង្សមាសដោះស្រាយ នឹងធ្វើអោយនាងសប្បាយចិត្ត បន្ទាប់ពីអាជីពសិល្បៈរបស់អ្នកនាងស្ទើរតែកប់បាត់ទៅហើយ។ អ្នកនាងថាជម្រើសដើរចេញពីហង្សមាស នឹងអាចកើតឡើងបើលទ្ធផលនៃដំណោះស្រាយមិនមានឆាប់ៗ ដែលធ្វើអោយពេលវេលាកាន់តែរយាល។ ស្របគ្នាដែលខាងហង្សមាសក៏មិនបានដាច់កុងត្រា ជាមួយអ្នកនាងប្រមាណ១ឆ្នាំទៅហើយផងនោះ គឺជម្រើសដើរចេញពីទ្រនំមួយនេះ នឹងរឹតតែងាយស្រួលថែមទៀត ប្រសិនបើការគិតគូរមិនមានលទ្ធផល។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីហង្សមាសនៅតែបដិសេធឆ្លើយបំភ្លឺ ដោយអះអាងថាមិនចង់បកស្រាយ៕

មតិយោបល់