កណ្ដាលៈ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន៧កញ្ចប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចចុងព្រែក តាព្រីងស្ថិតក្នុងភូមិព្រែកតាព្រីងឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល។
លោកអធិការស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ រិទ្ធ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ហេង ឡេកូ ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរមិនពិតប្រាកដ។ អ្នកទាំង៣នាក់ រស់នៅភូមិព្រែកតាព្រីងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោកអធិការបានឲ្យដឹងទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)នៅចំណុចខាងលើ ភ្លាមនោះលោកបានចាត់កម្លាំងឲ្យចុះទៅកន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ ពេលនោះសមត្ថកិច្ចនគរបាលក៏បានធ្វើការត្រួតពិនិត្យរកឃើញវត្ថតាងរួមមាន ៖ -ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៧កញ្ចប់តូច -ទូរសព្ទដៃចំនួនពីរគ្រឿង និងឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន២០កញ្ចប់តូចពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅវាលខ្សាច់នៅចាក់អង្រែចំនួន២០កញ្ចប់តូចក្នុងតម្លៃ ១២០០០០រៀល(ដប់ពីរម៉ឺនរៀល) ដើម្បីយកមកលក់បន្ត ហើយរូបគេ បានលក់អស់ចំនួន១៣កញ្ចប់តូច ក្នុង១កញ្ចប់តូចតម្លៃ២០០០០រៀល។
បន្ទាប់ពីសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕



មតិយោបល់