ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយមុខអ្នកនៅពីក្រោយភាពជោគជ័យ របស់ សារ៉ាយ សក្ខណា

ការប្រកាសបើកសម្ពោធកាហ្វេយីហោ Tea Time សាខាទី២ធំមួយនៅម្ដុំសន្ធរម៉ុករបស់តារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា បានធ្វើអោយម្នាក់ៗងឿងឆ្ងល់យ៉ាងខ្លាំងថាអ្នកនាង រស់នៅតែអាមេរិកសោះ ហេតុអ្វីក៏ជោគជ័យមុខជំនួញខ្លាំងម្លេះ កាក់កបទាំងហាងកែសម្ផស្សហ្ស៊ីណូ ឥលូវមកជោគជ័យក្នុងជំនួញបើកហាងកាហ្វេទៀត។ យ៉ាងណាមិញមានការទម្លាយថា អ្នកដែលធ្វើអោយបន្តបោះទុន បើកហាងកាហ្វេបានយ៉ាងកាក់កបនោះ ការពិតមិនមែនពឹងទាំងស្រុងលើម្ដាយ និងប្អូនៗនោះទេ ការពិតគឺមានបុគ្គលម្នាក់ផ្សេងទៀត ដែលមិនមែនជាសាច់ញាតិសូម្បីតែបន្តិចប៉ុណ្ណោះ។

លោក សារ៉ាយ វាសនា ប្អូនបង្កើតរបស់អ្នកនាងសារ៉ាយ សក្ខណា ដែលជាអ្នកមើលខុសត្រូវហាងកាហ្វេជំនួសអ្នកនាង សារ៉ាយ សក្ខណា បានទម្លាយពាក់ព័ន្ធនឹងជោគជ័យរបស់អ្នកនាងថា បងស្រីរបស់ខ្លួនអាចពង្រីកហាងកាហ្វេដល់ទៅ២តែក្នុងរយៈពេលមួយខ្លី ការពិតមិនមែនដោយសារតែលោក និងម្ដាយគឺជាអ្នកជំនួសដៃជើងតាក្នុងគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែដៃគូវិនិយោគដ៏ខ្លាំងរបស់លោកម្នាក់ទៀត គឺលោក Staven ដែលជាអ្នកបង្កើតប្រេន Tea Time និងជាអ្នកបង្កើតរសជាតិភេសជ្ជៈដោយផ្ទាល់ គឺជាអ្នកនៅពីក្រោយ។ លោកថាខ្លួនគឺជាអ្នកជួយមើលខុសត្រូវ ខណៈបងស្រីជាអ្នកបោះទុនមែន ចំណែកក្បាលម៉ាស៊ីននៃមុខជំនួញដ៏ធំមួយនេះ គឺលោក Staven ឯណោះទេ ព្រោះលោកឯកទេស និងជាអ្នកជំនាញ និងជាអ្នកជោគជ័យលើប្រេនកាហ្វេ Tea Time នៅបាត់ដំបងចំនួន២សាខា និងច្រើនឆ្នាំមកហើយ។

លោក សារ៉ាយ វាសនា បន្តថា បងស្រីរបស់ខ្លួនមិនខុសពីទិញប្រេនឆាយពីលោក Staven នោះទេ ប៉ុន្តែបន្ថែមពីការទិញប្រេនឆាយ លោក Staven ក៏ជួយខ្នះខ្នែងដុតដៃដុតជើង យ៉ាងពេញទំហឹងផងដែរ ទើបធ្វើអោយអ្នកនាង សារ៉ាយ សក្ខណា មានឱកាសពង្រីកហាងកាហ្វេដល់ទៅ២សាខាធំៗ គឺមួយនៅក្រោយផ្សារទួលគោកក្នុងហាងកែសម្ផស្សហ្ស៊ីណូ របស់អ្នកនាងស្រាប់ និងមួយនៅម្ដុំសន្ធរម៉ុក ទល់មុខសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ បានជំហរដ៏ធំមួយនេះ បងស្រីរបស់លោក គម្រោងនឹងបើកសាខាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីផង ដោយសារតែអាជីវកម្មនេះទទួលបានការគាំទ្រខ្លាំង៕

មតិយោបល់