ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្មសាស្ត្រា ប្រតិកម្មការលាបពណ៌រឿងក្ស័យធន

ក្រោយពីមានព័ត៌មានទម្លាយថាអ្នកនាង ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្រ្តាហ្វៀម ដែលបោះដើមទុនផលិតរឿង «ទឹកភ្នែកកក» អោយទូរទស្សន៍បាយ័នប្រឈមហិរញ្ញវត្ថុ នៅក្នុងចង្កោមអ្នកសិល្បៈមានការចាប់អារម្មណ៍គួរសម ដោយសារតែអ្នកនាង គឺជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មធំៗ នាពេលកន្លង ហើយទើបតែបានបោះទុន បើកផលិតកម្មផ្ទាល់ខ្លួន មិនទាន់បានប៉ុន្មានផង ក៏លេចឮដំណឹងនេះ។ យ៉ាងណាមិញអ្នកនាងថា មានការលាបពណ៌កាន់តែខ្លាំង ពាក់ព័ន្ធបញ្ហានេះ ដែលអ្នកនាងសុំអោយបញ្ចប់។

អ្នកនាងបានផ្ដល់សម្ភាន៍ក្នុងពិធីសម្ពោធរឿង «Jailbreak »ថា ក្រោយការលេចធ្លាយពាក់ព័ន្ធនឹងរឿងអ្នកប្រឈមហិរញ្ញវត្ថុ មានការលាបពណ៌យ៉ាងខ្លាំងថា អ្នកនាងប្រឈមក្ស័យធន ដោយអ្នកនាងបានអះអាងថាជារឿងមិនអាចទទួលយក។ អ្នកនាថាតារាសិល្បៈ និងអ្នករួមអាជីពច្រើនឡើង បានបន្តលើកឡើងថា អ្នកនាងកើតឡើងនូវបញ្ហានោះ ដោយសូម្បីតែអ្នកនាងបកស្រាយ ក៏នៅតែយល់ថាអ្នកលាក់បាំង។ អ្នកនាងថាការផលិតរឿង «ទឹកភ្នែកកក» គឺពិតជាធ្វើអោយផលិតកម្ម ចំណាយលើសខ្ទង់ដែលបានប៉ាន់ស្មាន ប៉ុន្តែមិនទាន់ដល់ថ្នាក់ត្រូវប្រឈមហិរញ្ញវត្ថុ ហើយក្ស័យធនដូចការលាបពណ៌របស់មនុស្សមួយចំនួននោះទេ។ អ្នកនាងបានហៅការបំភ្លៃការពិតថា ផលិតកម្មបិទបាំងការប្រឈមរឿងនេះ ថាជារឿងលាបពណ៌របៀបឈ្នានីសនោះផង។ អ្នកនាងបញ្ជាក់ថាមុនការបោះជំហានរឿង បើកផលិតកម្ម ផលិតករមិនថាអ្នកនាង ឬអ្នកណា សុទ្ធតែបានត្រៀមទុកនូវទុនបម្រុង ដែលត្រូវចំណាយលើសកម្រិត ដែលមិនអាចគ្រាន់តែលើសចំណាយ២ដង ឬបីដងឈានដល់ការផ្ទុះឡើង វិបត្តិហិរញ្ញវត្ថុ ហើយត្រូវបិទទ្វារក្រុមហ៊ុននោះទេ។ អ្នកនាងថាជារឿងអន់ចិត្ត ដែលគ្រាន់តែមានដំណឹងរឿង «ទឹកភ្នែកកក» ត្រូវបានទម្លាយថាបានចំណាយខ្ពស់ ដោយសារតែផលិតកម្មសម្រេចកាត់សំលៀកបំពាក់អោយតួអង្គសំខាន់ៗមួយចំនួន និងរៀបចំដេគ័រប្លង់ថ្មីៗ ស្ទើរគ្រប់ដើម្បីអោយរឿងមានប្លង់ខុសប្លែកពីរឿងទូទៅ។ អ្នកនាងថាខ្លួនមានទុនគ្រប់គ្រាន់ សម្រាប់ការបញ្ចប់រឿងនេះ ហើយផលិតកម្មក្រៅពីធានាមិនមានរឿងក្ស័យធន ព្រោះតែការសម្រិតសម្រាំងមួយរឿងនេះ ក៏នឹងមានគម្រោងផលិតរឿងដុំប្រកួតប្រជែងក្នុងពេលដ៏ខ្លី និងធ្វើអោយផលិតកម្មសាស្ត្រាបោះជំហានក្លាយជាផលិតកម្មផលិតស្ពត និងផលិតរឿងដែលមានស្ដង់ដារមួយ ។ អ្នកនាងនិយាយថា «លូវហ្នឹងមានអ្នកលាបពណ៌រឿងផលិតខ្ញុំស្អីៗច្រើន ប៉ុន្តែខ្ញុំចង់ប្រាប់ថាខ្ញុំទម្រាំសម្រេចបើកផលិតកម្មហ្នឹងខ្ញុំគិតពីការប្រឈមច្រើនណាស់ ចឹងខ្ញុំអោយអ្នកលាបពណ៌ខ្ញុំរឿងហ្នឹង បញ្ចប់ការភាន់ច្រលំ!»។ អ្នកនាងថាបញ្ហាហិរញ្ញវត្ថុមិនចោទនោះទេ ហើយបើទោះជារឿង «ទឹកភ្នែកកក»ត្រូវបន្តប្រើទុនលើសកម្រិតច្រើនជាងគេ រំពឹងទុករបស់អ្នកនាងច្រើនទៀត។ អ្នកនាងនិយាយថា «កាលពីមុនខ្ញុំគិតថាក្នុងមួយភាគក្នុងរឿង «ទឹកភ្នែកកក»អស់តែប៉ុណ្ណេះអីទេ តែលូវខ្ញុំដំឡើងលើសពីការប៉ាន់ស្មានហ្នឹង បន្ទាប់ពីផលិតបាន១០ភាគគឺឃើញអស់ច្រើន ប៉ុន្តែបើការប៉ាន់ស្មានថ្មីហ្នឹងខុសទៀត កុំភ័យខ្ញុំនឹងនៅតែថតរឿងហ្នឹង បានបញ្ចប់តាមផែនការ អត់ឆិនឆៃទេ ហើយក៏អត់ក្ស័យធនដែរ»។ អ្នកនាងរំពឹងថាដំណឹងលាបពណ៌ នឹងត្រូវសាបរលាប បន្ទាប់ពីការលើកឡើងលើកនេះ៕

មតិយោបល់