មកទល់ពេលតារាសម្ដែងអ្នកនាង កុល ដាវី និងលោកសុខ រក្សា ដែលរួមរស់ក្រោមដំបូលតែមួយ ក្នុងនាមជាគូស្នេហ៍ បិទចោលមុខជំនួញភោជនីដ្ឋានជាប្រភេទហាងផឹកស៊ីទ្រង់ទ្រាយធំរបស់ខ្លួន ប្រមាណ៣ខែមកហើយ។ ភ្លាមៗបន្ទាប់ពីការបិទចោល អ្នកនាងមិនបានទទួលស្គាល់ថា នោះជាលទ្ធផលបរាជ័យនោះទេ ទើបតែពេលនេះប៉ុណ្ណោះដែលអ្នកនាងបញ្ជាក់ថា បើទោះជាមានឱកាសក៏ដាក់ទុនបើកមុខជំនួញនេះជាថ្មីដែរ។
អ្នកនាង កុល ដាវី និយាយថាអ្នកនាង និងលោកសុខ រក្សា សម្រេចចិត្តឈប់បើកជំនួញបើកហាងផឹកស៊ី ដែលធ្លាប់អួតថាទទួលជោគជ័យមួយខ្យល់ធំនោះហើយ ដោយសារតែអ្នកនាង មមាញឹកច្រើនការសម្ដែង និងរៀបចំអាហ្វែតន្ត្រី ក្នុងមង្គលការមិនមានពេលទំនេរ។ អ្នកនាងទទួលស្គាល់មុខរបរបើកហាងផឹកស៊ី ជួនមានភ្ញៀវបានចំណេញ ជួនបានតែទប់ដើម ឬជួនខាតវិញប៉ុណ្ណោះ ទើបអ្នកនាងសម្រេចចិត្តចូលសម្ដែងជាថ្មី ហើយសុខចិត្តបិទចោលមិនស្ដាយ។ ម្យ៉ាងមកពីមុខរបរនោះ ក្រៅពីចំណេញមិនទៀងទាត់ដូចចុងស្រស់ ត្រូវចម្រូងសម្រាស់ជាមួយភ្ញៀវដែលមានទម្លាប់ឡូឡា និងរឿងម្ចាស់ដីដំឡើងថ្លៃផង ទើបយល់ថាការបិទចោលជារឿងឈប់ធ្វើអោយឈឺក្បាល។ អ្នកនាងថាមិនតស៊ូទេ សម្រាប់អាជីវកម្មដែលត្រូវចំណាយលុយច្រើន ហត់ៗក៏ហត់ ហើយផលចំណេញក៏មានកម្រិតមិនខុសពីដើរទៅមុខបានយឺតនោះ។ ក្រៅពី បានទទួលស្គាល់ថាគម្រោងបិទចោលគឺរឿងបរាជ័យប្រាកដ ព្រោះតែចាញ់ការប្រកួតប្រជែង អ្នកនាងក៏ប្រកាសថាមិនស្ដាយផងដែរ។ អ្នកនាងនិយាយថា«អត់បើកវិញទេ តែបិទៗហើយ អត់ស្ដាយទេ ម្យ៉ាងរវល់រឿងសម្ដែងចប់ងាប់មានពេលណាទៅបើកហាងអីទេ!»។
លោកសុខ រក្សាធ្លាប់បានបញ្ជាក់ថា បើកហាងផឹកស៊ីក្រៅពីចំណាយទុនខ្ពស់ ក៏នឿយហត់ណាស់ដែរ ទើបលោកហាក់មិនសូវសោកស្ដាយ និងមិនខ្វល់រឿងអ្នកណាលោក និងកុល ដាវី ក្ស័យធននោះ។ លោកថាអត់សំខាន់រឿងអ្នកណាគេថា លោកបរាជ័យមុខជំនួញហ្នឹងទេ តែអ្វីដែលលោកបារម្ភគឺមិនជោគជ័យលើអាជីពប្រចាំថ្ងៃរបស់ខ្លួន ក្រោយពេលបិទហាងនោះចោល៕
មតិយោបល់